ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៤ ដែលមានទុនវិនិយោគជិត២៤លានដុល្លារ។
យោងតាម Facebook ផ្លូវការរបស់CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូន។
ក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅអគារលេខ២៦២C ផ្លូវលេខ១៣៦ DT ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩២៦កន្លែង។
ជាមួយគ្នានេះ តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម។
ទី១ ក្រុមហ៊ុនAMTO CHEMICAL TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន១.៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
ទី២ ក្រុមហ៊ុនKai Feng Wood Products (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន៦.៦លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៣០០នាក់។
ទី៣ ក្រុមហ៊ុនMEI AN LEATHERWARE (CAMBODIA) COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១០.៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ១,០០០នាក់៕