ដោយ: លាងហួរ
តៃវ៉ាន់: យោងតាមសេដ្ឋវិទូដែលត្រូវបានស្ទង់មតិ ដោយសារពត៌មានReuters បានឱ្យដឹងថា ធនាគារកណ្តាលរបស់តៃវ៉ាន់ ទំនងជានឹងដំឡើងអត្រាការប្រាក់របស់ខ្លួនម្តងទៀតនៅសប្តាហ៍នេះ ដើម្បីជួយទប់ទល់នឹងអតិផរណាដែលបានហក់ឡើងខ្ពស់ មិនធ្លាប់មានក្នុងរយៈពេលជិត១០ឆ្នាំកន្លងមកនេះ។
ធនាគារកណ្តាលតៃវ៉ាន់ ទំនងជានឹងដំឡើងអត្រាការប្រាក់របស់ខ្លួនពី ១២,៥ចំណុចមូលដ្ឋានដល់១,៥ភាគរយនៅឯកិច្ចប្រជុំប្រចាំត្រីមាសរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្តាហ៍ នេះបើយោងតាមការព្យាករណ៍ជាមធ្យមរបស់សេដ្ឋវិទូ១៩នាក់។
ធនាគារកណ្តាលតៃវ៉ាន់ បានដំឡើងអត្រាការប្រាក់ ដោយមិនបានរំពឹងទុករហូតដល់១,៣៧៥ភាគរយ នៅឯកិច្ចប្រជុំចុងក្រោយរបស់ខ្លួនកាលពីក្នុងខែមីនា។
ធនាគារកណ្តាលបានឱ្យដឹងម្តងហើយម្តងទៀតថា ខ្លួននឹងរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ នៅឆ្នាំ២០២២នេះ ខណៈដែលសមភាគីរបស់ខ្លួនផ្សេងទៀត កំពុងដំឡើងអត្រាការប្រាក់ ហើយថាខ្លួនមើលឃើញថាអតិផរណាជារឿងសំខាន់ សម្រាប់ការផ្លាស់ប្តូរអត្រាការប្រាក់។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់តៃវ៉ាន់ គឺខ្ពស់ជាង៣,៣៩ភាគរយ នៅក្នុងខែឧសភាធៀបនឹងឆ្នាំ២០២១។ អត្រាអតិផរណានៅឆ្នាំ២០២២នេះគឺខ្ពស់បំផុត បើគិតចាប់តាំងពីខែសីហាឆ្នាំ២០១២ ហើយលើសពីគោលដៅ២ភាគរយរបស់ធនាគារកណ្តាល។
ទោះជាយ៉ាងណាអតិផរណា នៅតៃវ៉ាន់មានការកើនឡើងទាបជាងសហរដ្ឋអាមេរិក និងអឺរ៉ុប។ យ៉ាងណាក៏ដោយ ធនាគារកណ្តាលបានឱ្យដឹងកាលពីខែមុនថា ខ្លួនរំពឹងថាកំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះ ហើយអតិផរណានឹងកើនឡើងនៅឆ្នាំ២០២២នេះ ហើយថាតៃវ៉ាន់នឹងចាត់វិធានការសមស្រប និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន៕