ទ្រព្យសកម្មរបស់ធនាគារប្រៃសណីយកម្ពុជា កើនឡើងដល់ ១,០០០លានដុល្លា ក្នុងរយៈពេល៧ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ធនាគារ ប្រៃសណីយកម្ពុជា មានសន្ទុះខ្លាំងយ៉ាងខ្លាំង ក្នុងការពង្រីកបណ្តាញប្រតិបត្តិការសាខារបស់ខ្លួន ដោយសម្រេចបានទ្រព្យសកម្ម ១,០០០,០០០,០០០ដុល្លារអាមេរិក ត្រឹមរយៈពេល៧ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ ប្រៃសណីយកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីអបអរសាទរខួបគម្រប់៧ឆ្នាំ ដែលបានរៀបចំឡើង នៅសណ្ឋាគារតារាអ៊ែរផត រាជធានីភ្នំពេញ។ ពិធីនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរ ការសម្រេចបានទ្រព្យសកម្ម ១,០០០,០០០,០០០ដុល្លារអាមេរិក ត្រឹមរយៈពេល៧ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន និងការប្រគល់វិញ្ញាបនបត្រ និងពានកិត្តិយស ជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានចូលបម្រើការងារ ជាមួយធនាគារអស់រយៈពេល ៧ឆ្នាំ ចាប់តាំងពីធនាគារបើកដំណើរការដំបូងមកម៉្លេះ។

កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា។

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានលើកឡើងក្នុងពិធីនេះថា “សម្រាប់ប្រតិបត្តិការរបស់ធនាគារ ក្នុងឆ្នាំ២០២០នេះ បើទោះបីមានផលប៉ះពាល់ ដោយជំងឺរាតត្បាត ជាសកលកូវីត១៩ក៏ដោយ ក៏ធនាគារនៅតែបន្តការរីកចម្រើនរបស់ខ្លួនមិនថមថយដែរ រួមទាំងមានការរីកចម្រើនទាំងបណ្តាញប្រតិបត្តិការ និងទ្រព្យសកម្ម ដោយគិតត្រឹមថ្ងៃនេះ ជាថ្ងៃគម្រប់ខួបនៃប្រតិបត្តិការរយៈពេល៧ឆ្នាំ ធនាគារបានសម្រេចសមិទ្ធផលសំខាន់ៗ ដូចខាងក្រោម៖ ទ្រព្យសកម្មសរុប ១០០៦លានដុល្លារអាមេរិក, មានគណនីអតិថិជនសរុបចំនួនជាង ១០០ពាន់គណនី, មានចំណូលសរុប ៦១.៤លានដុល្លារអាមេរិក និងចំណូលសរុបរួម ជាមួយបុត្រសម្ព័ន្ធ មានចំនួន ៧១.៥លានដុល្លារអាមេរិក”។

ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក ក៏បានលើកឡើងថា “ធនាគារ ប្រៃសណីយ៍កម្ពុជា ផ្តួចផ្តើមក្នុងការបង្កើតឡើង ដំបូងក្រោមគោលគំនិត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូនសេវាហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ការមើលឃើញភាពរីកចម្រើនរបស់ធនាគារប្រៃសណីយ៍ របស់បណ្តាប្រទេសនៅអាស៊ីមួយចំនួន ដូចជាចិន កូរ៉េខាងត្បូង ជប៉ុន និងសីង្ហបុរីជាដើម ទើបជាហេតុដែល អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានផ្តួចផ្តើមបង្កើតនូវធនាគារ ប្រៃសណីយ៍នេះឡើងនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់បណ្តាញការិយាល័យ ប្រៃសណីយ៍កម្ពុជាទូទាំងប្រទេស”។

លោក បានបន្ថែមទៀតថា “ការសម្រេចបានទ្រព្យសកម្មចំនួន១ពាន់លានដុល្លារអាមេរិកនេះ គឺជាប្រវត្ថិសាស្រ្តដ៏អស្ចារ្យសម្រាប់ធនាគារ ប្រៃសណីយ៍កម្ពុជា។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺ ធនាគារអាចសម្រេចបានសមិទ្ធផលមួយនេះ ត្រឹមតែរយៈពេល៧ឆ្នាំប៉ុណ្ណោះ។ ជោគជ័យនេះ សម្រេចបានដោយមានកត្តាជាច្រើនរួមផ្សំគ្នាដូចជា ដៃគូអាជីវកម្ម កម្លាំងហិរញ្ញវត្ថុ និងធនធានមនុស្ស”។

បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២០នេះ ធនាគារ ប្រៃសណីយ៍កម្ពុជា មានសន្ទុះខ្លាំងយ៉ាងខ្លាំង ក្នុងការពង្រីកបណ្តាញប្រតិបត្តិការសាខារបស់ខ្លួន ដើម្បីផ្តល់សេវាហិរញ្ញវត្ថុ ជូនអតិថិជន ឲ្យស្របតាមចក្ខុវិស័យដែលធនាគារបានកំណត់។ ការយកចិត្តទុកដាក់លើការបម្រើសេវាអតិថិជន និងការពង្រីកបណ្តាញប្រតិបត្តិការ សាខារបស់ខ្លួនបែបនេះ ទើបធនាគារសម្រេចបាននូវទ្រព្យសកម្មសរុបរហូត ១,០០០,០០០,០០០ ដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងឲ្យឃើញពីសក្តានុពល និងកេរ្ត៍ឈ្មោះរបស់ធនាគារ ក្នុងរយៈពេលយ៉ាងខ្លីជាមួយសមិទ្ធិផលជាច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here