ដោយ៖ សហការី
ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារជំរុញ និងលើកទឹកចិត្តចំពោះវិនិយោគិនចិនទាំងឡាយចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធ និងចុះបញ្ជីពន្ធដារឱ្យបានត្រឹមត្រូវ និងស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
នេះបើតាមលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំក្រុមការងារភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-សភាពាណិជ្ជកម្មចិន (កម្ពុជា) ជាមួយទីប្រឹក្សាពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅក្នុងសប្តាហ៍នេះ។
លោកបានថ្លែងថា វេទិកាពិភាក្សានេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការវិនិយោគ និងអនុលោមភាពសារពើពន្ធស្របពេលដែលការិនិយោគផ្ទាល់ពីប្រទេសចិន តាំងពីឆ្នាំ១៩៩៤ មករហូតដល់បច្ចុប្បន្ននេះ បានឈរនៅលំដាប់លើគេ ក្នុងចំណោមការវិនិយោគផ្ទាល់ពីបរទេស ក្នុងនោះបានវិនិយោគលើវិស័យសំខាន់ៗមានដូចជា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យឧស្សាហកម្ម និងកម្មន្តសាល សំណង់ ទេសចរណ៍ សេវាកម្ម និងហេដ្ឋរចនាសម្ព័ន្ធ។
ទន្ទឹមនឹងនេះដែរ លោកអគ្គនាយកបានមានប្រសាសន៍ថា “ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនចិនទាំងឡាយ ទាំងសហគ្រាសជាអ្នកជាប់ពន្ធធំ ពន្ធមធ្យម និងពន្ធតូចក្នុងការចូលរួមបំពេញកាតព្វកិច្ចសារពើរពន្ធ។ ដោយឡែក អ្នកដែលមិនទាន់បានមកចុះបញ្ជីពន្ធដារ សូមមកចូលរួមចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធ ស្របតាមច្បាប់ស្តីពីពន្ធដារជាធរមាន”៕