ដោយៈគង់ សូរិយា
ភ្នំពេញៈ ជាអ្នកជំនាញជើងចាស់ក្នុងវិស័យទេសចរណ៍ លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបង្ហើបឲ្យដឹងថា វិស័យទេសចរណ៍កម្ពុជា កំពុងមានសញ្ញាល្អប្រសើរឡើងវិញ ដោយសារការតភ្ជាប់ការហោះហើររបស់អាកាសចរណ៍នានាយ៉ាងសកម្ម។
លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី៩ មិថុនាថា វិស័យទេសចរណ៍មានសញ្ញាល្អប្រសើរ ស្របពេលលំហូរភ្ញៀវក្នុងស្រុកកាន់តែសកម្ម និងភ្ញៀវអន្តរជាតិបានចូលមទស្សនាកម្ពុជាកាន់តែច្រើនឡើង។
លោកបន្តថា “ភាពល្អប្រសើរនេះ ដោយសារការហោះហើរត្រង់ពីក្រុមហ៊ុនអាកាសចរណ៍មកពីប្រទសថៃ មានប្រមាណ១០លើកក្នុងមួយថ្ងៃដែលក្រុមហ៊ុនអាកាសចរណ៍ទាំងនោះមាន ដូចជា ក្រុមហ៊ុនអាកាសចរណ៍ថៃ អ៊ែរវេយ៍ ក្រុមហ៊ុនThai Smiles, ក្រុមហ៊ុនBangkok Ariwayជាដើម”។លោកបន្តថា “ជាមួយគ្នានេះ ការហោះហើរត្រង់ពីអាកាសចរណ៍Singapore Airlline, Aseanna Airway និងក្រុមហ៊ុនអាកាសចរណ៍មួយចំនួនទៀត កំពុងផ្តល់លំហូរភ្ញៀវក្នុងស្រុកទៅក្រៅប្រទេស និងពីប្រទេសទី៣មកកាន់កម្ពុជាកាន់តែច្រើន”។
លោកហូ វណ្ឌីបានបន្តថា ជាមួយគ្នានេះ មានការកក់ដំណើរទស្សនកិច្ចពីភ្ញៀវអឺរ៉ុបច្រើននៅចុងឆ្នាំនេះ រួមទាំងភ្ញៀវពីអាមេរិក និងបណ្តាប្រទេសដទៃទៀត ដែលវាជាសញ្ញាល្អមួយ ប៉ុន្តែការសម្រេចទទួលបានភ្ញៀវអន្តរជាតិប្រមាណ១លាននាក់ នៅដំណាច់ឆ្នាំនេះរបស់ក្រសួងទេសចរណ៍សម្រេចបានឬអត់ វាអាស្រ័យលើគោលនយោបាយ ឬការរៀបចំកញ្ចប់លើកទឹកចិត្តណាមួយពីរដ្ឋាភិបាល៕