រដ្ឋមន្ត្រីទេសចរណ៍៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍កន្លងមកកើនឡើងជិត៨ភាគរយ

ដោយ៖ សុផារី

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងអំពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបោះឆ្នោត ថាមានការកើនឡើងប្រមាណ ៧.៤៥% ធៀបនឹងសប្តាហ៍កន្លងមក។

តាមរយៈរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចាប់ពីថ្ងៃទី០៤-០៦ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវសរុបចំនួន២៩៤.៤៤៤នាក់ ក្នុងនោះ ភ្ញៀវជាតិ២៧៥.៧៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨.៧១០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ៥៩.៤០៣ នាក់ខេត្តកំពត៣៧.៧៤៧នាក់ ខេត្តបាត់ដំបង៣៦.៣៦៩នាក់ ខេត្តសៀមរាប២៨.១៣៨ នាក់ រាជធានីភ្នំពេញ២៤.៦៥២នាក់ ខេត្តពោធិ៍សាត់១៦.៤៦៩នាក់ ខេត្តកំពង់ស្ពឺ១៤.២៤៩នាក់ និងខេត្តកែប១៣.៤៤៤នាក់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការពិនិត្យជាក់ស្តែង ចុងសប្តាហ៍កន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានត្រៀមខ្លួនទៅចូលរួមបោះឆ្នោតគ្រប់រូបនៅ ថ្ងៃអាទិត្យ។ រីឯបងប្អូនកម្មករ កម្មការនី និងបុគ្គលិកក្រុមហ៊ុន ឯកជន និងនិស្សិត ចំណាកស្រុកក្នុងប្រទេស ក៏បានធ្វើដំណើរទៅចូលរួមបោះឆ្នោតយ៉ាងផុសផុល នៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រនិងព្រឹកថ្ងៃសៅរ៍។

លោកបន្តថា ក្រោយបំពេញកាតព្វកិច្ចបោះឆ្នោតរួច គឺមួយចំនួនបានជួបជុំហូបចុកជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតបានដើរកម្សាន្តនៅតាមគោលដៅនានា ប៉ុន្តែភាគច្រើនជាគោលដៅទេសចរណ៍ ឬកន្លែងកម្សាន្ដដែលនៅជិតៗក្នុងភូមិស្រុករបស់ពួកគាត់ផ្ទាល់។

ដោយឡែកមន្រ្តីរាជការ ក្រៅពីកាតព្វកិច្ចទៅចូលរួមបោះ បោះឆ្នោតនិង បំពេញការងារផ្សេងៗទៀតនៅមូលដ្ឋាន ក៏បានឆ្លៀតឱកាសដើរកំសាន្តរយៈពេលខ្លី ទៅកាន់រមនីយដ្ឋានជិតៗ ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here