ដោយៈ រាសី
ភ្នំពេញៈ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានចុះ MOU រួមគ្នា ក្នុងគោលបំណង ដើម្បីសម្រួលដល់ឧស្សាហកម្ម ដោយជំរុញឱ្យមានការអនុម័តលើបច្ចេកវិទ្យា ការសម្របសម្រួលកម្មសិក្សា និងការផ្តល់ការយល់ដឹងអំពីសេដ្ឋកិច្ចឌីជីថល ដល់វិស័យឯកជន ជាមួយសហគមន៍បច្ចេកវិទ្យា និងសហគមន៍ធុរកិច្ចថ្មីនៅកម្ពុជា។
ពិធីចុះ MOU នេះ ធ្វើឡើងនៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការចូលរួមពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី “ La French Tech Asia Pacific Gathering ” និងពិធីចុះអនុស្សរណៈនៃការយោគយល់ រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)។
ការចុះអនុស្សរណៈនៃការយោគយល់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាពិសេសដើម្បីជួយដល់ក្រុមហ៊ុន បច្ចេកវិទ្យាឌីជីថលនៅអឺរ៉ុបនិងកម្ពុជា ក្នុងការផ្តល់សេវាកម្មជាជំនួយ លើការពង្រឹងការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញបើកកម្មវិធី “ La French Tech Asia Pacific Gathering ” ដែលកម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីសម្រួលដល់ឧស្សាហកម្ម ដោយជំរុញឱ្យមានការអនុម័តលើបច្ចេកវិទ្យា ការសម្របសម្រួលកម្មសិក្សា និងការផ្តល់ការយល់ដឹងអំពីសេដ្ឋកិច្ចឌីជីថលដល់វិស័យឯកជន ជាមួយសហគមន៍បច្ចេកវិទ្យា និងសហគមន៍ធុរកិច្ចថ្មីនៅកម្ពុជា៕