ស្ថាប័នពាក់ព័ន្ឋពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ

ដោយៈ គង់ ម៉ាលីនណា

សៀមរាបៈ ក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិអប្សរា មន្ទីរទេសចរណ៍ខេត្តសៀមរាប បានរៀបចំពិធីបើកវគ្គវិក្រឹតការពិសេស មគ្គុទេ្ទសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គពិសេសនេះមានការចូលរួមពីលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអ ប្សរា។

វគ្គវិក្រឹតការពិសេសនេះ មានសិក្ខាកាមជាមគ្គុទ្ទេសក៍ទេសចរណ៍ចូលរួមសរុប ចំនួន៦៥នាក់ សិក្សារយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅអាជ្ញាធរជាតិអប្សរា។

លោកប៉ាក់ សុខុម បានមានប្រសាសន៍ថា វគ្គវិក្រឹតការពិសេសមគ្គុ ទ្ទេសក៏ទេសចរណ៍ តំបន់សៀមរាប-អង្គរនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ផ្តល់ចំណេះដឹងថ្មីៗបន្ថែមទៀត ដល់មគ្គុទ្ទេសក៍ទេសចរណ៍របស់យើង សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាថ្មី មកទស្សនាសៀមរាប-អង្គរ បន្ទាប់ពីជំងឺកូវីដ១៩ មានភាពស្ងប់ស្ងាត់ធូរស្រាល។

ជាមួយគ្នានេះ បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា វគ្គវិក្រិតការនេះ ក្នុងគោលបំណងចម្បងចំនួន២ គឺ ទី១ ចែករំលែកចំណេះដឹង និងណែនាំផលិតផលទេចរណ៍ថ្មីៗ នៅតំបន់សៀម​រាប-អង្គរ ទៅដល់មគ្គុទ្ទេសក៍ទេសចរណ៍ ព្រោះថាមគ្គុទ្ទេសក៍ទេសចរណ៍អាចត្រូវចាត់ទុកថាជាទូត ដែលមានឥទ្ធិពលខ្លាំងបំផុត ដើម្បីផ្សព្វផ្សាយពីរបកគំហើញថ្មីៗនៃការស្រាវជ្រាវ និងសមិទ្ធផលការងារថ្មីៗ វប្បធម៌ខ្មែរក្នុងការបញ្ជាក់ពីតម្លៃពិតរបស់ តំបន់រមណីយដ្ឋានអង្គរ។

ទី២ ចង់ឱ្យអ្នកមគ្គុទ្ទេសក៏ទេសចរណ៍ សហការជាមួយភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា តាមរយៈការគ្រប់គ្រងភ្ញៀវទេសចរតាមបែបគន្លងថ្មី នៅតំបន់អង្គរក្រោយសម័យកូវីដ។

អាជ្ញាធរជាតិអប្សរា ក្នុងរយៈពេលស្ថិតនៅក្នុងបរិបទ នៃការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ បានកែលម្អសោភ័ណភាព នៅបរិវេណប្រា​សាទសំខាន់ៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសពង្រីកការងារស្រា​វជ្រាវលើវិស័យបេតិកភណ្ឌ ដែលជាចំណុចសំខាន់ ដែលអាចផ្តល់ជាចំណេះដឹងបន្ថែមដល់មគ្គុទ្ទេសក៍ ដើម្បីឱ្យមគ្គុទ្ទេសក៏ ដែលជាអ្នកនាំសារសំខាន់ ក្នុងការផ្តល់ជូនភ្ញៀវទេសចរឱ្យយល់ពីតម្លៃអង្គរ និងវប្បធម៌ខ្មែរទទួ​លបានព័ត៌មានជាក់លាក់ពិតប្រាកដពីអង្គរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here