ដោយ៖ លក្ខិណា
ភ្នំពេញ៖ សញ្ញាវិជ្ជមាននៃភ្ញៀវទេសចរបរទេស ចូលមកកម្ពុជាបានចាប់ផ្ដើមឡើងវិញ ក្នុងឆ្នាំ២០២២នេះ។ ជាក់ស្ដែង ត្រឹមតែ៤ខែប៉ុណ្ណោះ ចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជា មានចំនួនច្រើនជាងឆ្នាំ២០២១ពេញមួយឆ្នាំទៅហើយ។
របាយការណ៍ស្ថិតិរបស់ក្រសួងទេសចរកម្ពុជា ចេញផ្សាយនៅដើមខែមិថុនា ២០២២នេះបង្ហាញថា រយៈពេល៤ខែ ឆ្នាំ២០២២នេះ ភ្ញៀវទេសចរបរទេសចូលមកកម្ពុជាមានចំនួន២៤១.៤៨៥នាក់ មានកំណើនរហូតដល់៥៨៦,៤ភាគរយធៀបនឹងរយៈពេលដូចគ្នា និងកើនឡើង១៩១,៥ភាគរយធៀបនឹងឆ្នាំ២០២១ទាំងមូល ដែលមានចំនួនត្រឹមតែ១៩៦.៤៩៥នាក់ប៉ុណ្ណោះ។
តាមរបាយការណ៍ស្ថិតិនេះ បង្ហាញផងដែរថា ចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជា បានកើនឡើង ចាប់តាំងពីដើមខែមករា ឆ្នាំ២០២២មកម្ល៉េះ ជាពិសេស នៅក្នុងខែមេសា ចំនួនភ្ញៀវទេសចរបានកើនឡើងជាង៨ម៉ឺននាក់។
ដោយឡែក សកម្មភាពនៅតាមអាកាសយានដ្ឋានទាំង៣របស់កម្ពុជា ក៏ឃើញថាចាប់ផ្ដើមមានកំណើនឡើងវិញផងដែរ ក្នុងឆ្នាំ២០២២នេះ។ ក្នុងនោះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានភ្ញៀវទេសចរអន្តរជាតិមកដល់ចំនួន១១៣ពាន់នាក់ កើនឡើង២៦១,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប មានភ្ញៀវទេសចរបរទេសមកដល់ចំនួន១៥.១៧១នាក់ ខណៈឆ្នាំមុនមានតែ២នាក់ប៉ុណ្ណោះ។
ចំណែក ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ មិនទាន់មានកំណើនភ្ញៀវទេសចរបរទេសទេ ក្នុងរយៈពេល៤ខែមកនេះ ពោលគឺមានចំនួនជាង៣២០០នាក់ ខណៈឆ្នាំមុនមានចំនួនជិត៧ពាន់នាក់។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល បានលើកឡើងថា អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំង៣របស់កម្ពុជា បានចាប់ផ្ដើមមានកំណើនឡើងវិញ ចាប់តាំងពីរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ធូរបន្ថយការធ្វើចត្តាឡីស័ក ចំពោះភ្ញៀវទេសចរដែលចាក់វ៉ាក់សាំង។ នៅក្នុងការរាលដាលនៃកូវីដ១៩ប្រភេទថ្មីអូមីក្រុង ក៏ចំនួនភ្ញៀវទេសចរបរទេស និងអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិមិនថមថយដែរ ហើយនៅពេលប្រទេសថៃ ចាប់ផ្ដើមបើកបន្ធូរបន្ថយវិធានការរបស់ខ្លួន ក៏ធ្វើឱ្យចំនួនភ្ញៀវទេសចរឆ្លងកាត់ព្រលានយន្តហោះកាន់តែមានកំណើនបន្ថែម។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរ ក៏បានលើកឡើងពីការងើបឡើងវិញនៃវិស័យទេសចរណ៍ ជាពិសេស ទេសចរណ៍ក្នុងស្រុក ហើយក៏រំពឹងពីការហូរចូលមកវិញនៃទេសចរបរទេសផងដែរ។ ក្រសួងក៏បានអំពាវនាវឱ្យប្រតិបត្តិករទេសចរណ៍ក្នុងប្រទេសកម្ពុជាជំរុញ និងពង្រឹងការផ្ដល់សេវាទេសចរណ៍ ដល់ភ្ញៀវទេសចរបរទេស និងភ្ញៀវក្នុងស្រុកដើរលេងឱ្យបានល្អប្រសើរផងដែរ៕