ដោយៈលាងហួរ
អាមេរិកៈ ក្រសួងពាណិជ្ជកម្មអាមេរិក បានរាយការណ៍កាលពីថ្ងៃអង្គារថា ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ១៩.១ភាគរយ បន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមីនា។
ឱនភាពទំនិញនិងសេវាកម្ម បានធ្លាក់ចុះចំនួន២០.៦ពាន់លានដុល្លារអាមេរិក ដល់៨៧.១ពាន់លានដុល្លារក្នុងខែមេសា ខណៈកាលពីខែមិនាឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចំពេលមានការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលពីក្រៅប្រទេស។
ការនាំចូលរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ៣.៤ភាគរយ មកនៅត្រឹម៣៣៩.៧ពាន់លានដុល្លារក្នុងខែមេសា ដែលជាការធ្លាក់ចុះលើកដំបូងក្នុង រយៈពេលជាងកន្លះឆ្នាំមកនេះ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិកបានបង្ហាញថា ការនាំចេញរបស់អាមេរិក មានការកើនឡើង៣.៥ភាគរយ ដែលសម្រេចបានទំហំទឹកប្រាក់រហូតដល់ ២៥២.៦ពាន់លានដុល្លារ។
លោក Jay Byson ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនWells Fargo Securities បានមានប្រសាសន៍ នៅក្នុងបទវិភាគមួយដោយកត់សម្គាល់ថា ឱនភាពពាណិជ្ជកម្មអាមេរិក បានរួមតូចយ៉ាងខ្លាំងនៅក្នុងខែមេសា។លោក Byson បានបន្តថា ការនាំចេញសុទ្ធរបស់អាមេរិក គឺជាកត្តាដ៏សំខាន់ ក្នុងការជំរុញអត្រានៃកំណើនផលិតផល ក្នុងស្រុកសរុបរបស់អាមេរិក(GDP) នៅក្នុងត្រីមាសទីមួយ ហើយវាបានរួមចំណែកតិចតួចប៉ុណ្ណោះក្នុងការជំរុញដល់កំណើនផលិតផល ក្នុងស្រុកសរុបនៅក្នុងត្រីមាសទី២។
ការកើនឡើងយ៉ាងខ្លាំង នៃការនាំចូលរបស់សហរដ្ឋអាមេរិក នៅក្នុងត្រីមាសទី១ គឺជាកត្តាដ៏ចម្បងមួយ ដែលនាំអោយផលិតផលក្នុងស្រុកសរុបរបស់អាមេរិកធ្លាក់ចុះ១.៥%។ ការនាំចេញសុទ្ធរបស់សហរដ្ឋអាមេរិកបានកាត់បន្ថយ៣.២ភាគរយ ពីផលិតផលក្នុងស្រុកសរុប នៅក្នុងត្រីមាសទីមួយ៕