ធនាគារកណ្ដាលអាមេរិក: ការគ្រប់គ្រងគ្រីបតូបានល្អនឹងជួយការពារប្រជាពលរដ្ឋជៀសផុតពីមហន្តរាយ

ដោយៈសុខុម

ញូវយ៉ក: លោក Christopher Waller ទេសាភិបាលនៃធនាគារកណ្ដាលអាមេរិក (Federal Reserve) បានលើកឡើងកាលពីថ្ងៃសុក្រ ទី៣ ខែមិថុនា ថា ការគ្រប់គ្រងបានកាន់តែល្អប្រសើរ លើពិភពរូបិយប័ណ្ណឌីជីថល ឬ គ្រីបតូ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ពិតជាចាំបាច់ណាស់សម្រាប់ការពារគ្រប់គ្នាពីមហន្តរាយ គឺមិនមែនត្រឹមតែការពារពួកអ្នកមានពីការខាតបង់ប្រាក់ប៉ុណ្ណោះទេ។

ក្នុងសន្និសីទរៀបចំឡើង ដោយធនាគារជាតិស្វីស (SNB) និងមជ្ឈ​មណ្ឌលនវានុវត្តន៍ហិរញ្ញវត្ថុ (CIF) ស្ដីពីគ្រីបតូ និងនវានុវត្តន៍ហិរញ្ញវត្ថុក្នុងទីក្រុងហ្ស៊ូរិច ប្រទេសស្វីស លោកChristopher Waller បានលើកឡើងថា “បញ្ហាចម្បងនៅក្នុងការគ្រប់គ្រងគ្រីបតូ មិនមែនវិធីការពារអ្នកវិនិយោគលើគ្រីបតូ ដ៏ស្មុគស្មាញនោះទេ ប៉ុន្តែវាជាវិធីការពារអ្នកគ្រប់គ្នា”។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៤ ខែមិថុនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តម្លៃសរុបនៃទីផ្សារគ្រីបតូ បានកើនឡើងយ៉ាងឆាប់រហ័ស ពីប្រមាណ១៤ពាន់លានដុល្លារ ឈានដល់៣ទ្រីលានដុល្លារ ស្ទើរមិនគួរឱ្យជឿ។

ការដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរ ប៉ុន្មានលើកនៅក្នុងពិភពគ្រីបតូ កាលពីពេលថ្មីៗនេះ បានជំរុញការអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ចំពោះទីផ្សារគ្រីបតូ ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ។

ហេតុផលដ៏សំខាន់១ គឺប្រជាប្រិយភពរបស់គ្រីបតូ! ការស្ទង់មតិមួយដែលធនាគារកណ្ដាលអាមេរិក បានធ្វើឡើង
កាលពីពេលថ្មីៗនេះបង្ហាញថា មនុស្សពេញវ័យប្រមាណ១២% នៅសហរដ្ឋអាមេរិក បានប្រើប្រាស់ ឬកាន់កាប់រូបិយប័ណ្ណគ្រីបតូ ក្នុងឆ្នាំ២០២១ ដែលភាគច្រើនសម្រាប់គោលបំណងវិនិយោគ។ ការស្ទង់មតិផ្សេងៗទៀតបង្ហាញថា ចំនួនអ្នកប្រើប្រាស់គ្រីបតូ គឺកាន់តែខ្ពស់ឡើងៗ។

កាលពីខែមីនា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានតម្រង់ទិសឱ្យក្រសួងរតនាគារ និងទីភ្នាក់ងារផ្សេងៗទៀត ចាប់ផ្តើមរិះរកវិធីធ្វើយ៉ាងណាគ្រប់គ្រងឧស្សាហកម្មគ្រីបតូ ឱ្យបានល្អបំផុត ស្របពេលធនាគារកណ្តាលនានានៅជុំវិញពិភពលោក រួមទាំងធនាគារកណ្ដាលអាមេរិក ផងពិនិត្យមើលលទ្ធភាព បង្កើតរូបិយប័ណ្ណឌីជីថល ដែលគាំទ្រដោយធនាគារកណ្តាល៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here