លោកស៊ុន ចាន់ថុលៈកម្ពុជាត្រូវការវិនិយោគយានដ្ឋានមានស្តង់ដា

ដោយៈលក្ខិណា

ភ្នំពេញៈ ស្របពេលកំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែមានសន្ទុះ និងកំណើនប្រាក់ចំណូល ប្រជាជនកម្ពុជាកាន់តែច្រើន ត្រូវការប្រើប្រាស់យានយន្ត ក៏មានកំណើនឡើងដូចគ្នា ដែលទាមទារឲ្យមានការវិនិយោគលើយានដ្ឋានដែលមានស្តង់ដារត្រឹមត្រូវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទេសរដ្ឋមន្រ្តី លោកស៊ុន ចានថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងឆ្នាំ១៩៩៨ ចំនួនរថយន្តទូទាំងប្រទេសកម្ពុជា សរុបមានប្រមាណ៦២០០គ្រឿង និងបានកើនឡើងដល់៩២ម៉ឺនគ្រឿងនៅក្នុងឆ្នាំ ២០២០ និងម៉ូតូបានកើនឡើងពី២០ម៉ឺនគ្រឿង នៅក្នុងឆ្នាំ១៩៩៨ ដល់៥,៤០លានគ្រឿងនៅក្នុងឆ្នាំ២០២០។

លោកបន្តថា “កំណើនយានយន្តជាពិសេសរថយន្ត នៅក្នុងប្រទេសកម្ពុជា កើនឡើងជាបន្តបន្ទាប់នេះ បានទាមទារឱ្យមានការវិនិយោគលើយា​នដ្ឋានជួសជុលដែលមានស្តង់ដារ”។ លោកបន្តថា “គិតមកដល់បច្ចុប្បន្ននេះ យានដ្ឋានជួសជុលរថយន្ត នៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាន៣៧៨០កន្លែង ក្នុងនោះយានដ្ឋាន ដែលមានស្តង់ដារបច្ចេកទេសត្រឹមត្រូវមានចំនួនតិចតួចនៅឡើយ”។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍បន្ថែមថា ក្នុងមួយឆ្នាំៗគ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតមនុស្សជាច្រើននាក់ និងធ្វើឱ្យខាតបង់ថវិកាជាតិ និងបាត់បង់ចំណូលគ្រួសារ។ កត្តាមួយចំនួនបានបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះក៏មានកត្តាយានយន្តដែរ ដោយសារតែយានយន្តមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ យានយន្តចាស់ពេក លើសអាយុកាលប្រើប្រាស់។

លោកបានអំពាវនាវឱ្យម្ចាស់យានយន្តទាំងអស់ ត្រួតពិនិត្យយានយន្តរបស់ខ្លួននៅតាមយានដ្ឋានណា ដែលមានគុណភាពស្តង់ដារត្រឹមត្រូវ ជៀ​សវាងបង្កគ្រោះថ្នាក់នៅពេលបើកបរនៅតាមដងផ្លូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here