ដោយៈ សហសេវិក
ភ្នំពេញៈ អ្នកជំនួញជនជាតិបារាំងប្រចាំកម្ពុជាបានអះអាងថា មុនពេលដែលក្រុមហ៊ុនបារាំង សម្រេចចិត្តវិនិយោគនៅប្រទេសណាមួយ គឺតែងតែគិតទៅលើចំណុចមួយចំនួន។
អ្វីដែលជាមូលដ្ឋាននៃការគិត ពិចារណាមុនសម្រេចចិត្តទៅវិនិយោគ គឺពួកគេគិតពីផលចំណេញ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនោះ។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងជាអ្នកជំនួញមួយរូបនៅកម្ពុជាបាន មានប្រសាសន៍ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១ ខែមិថុនាថា មិនថាតែអ្នកជំនួញជនជាតិបារាំង ឬជនជាតិណាមួយនោះទេ មុនពេលសម្រេចចិត្តវិនិយោគ នៅប្រទេសណាមួយ តែងតែគិតទៅលើចំណុចមួយចំនួន ដូចជាតើថា ការវិនិយោគនោះ ផ្ដល់ផលប្រយោជន៍ ឬផលចំណេញបែបណា? ថាតើប្រទេសនោះ មានសន្តិភាព មានស្ថិរភាព និងមានការអភិវឌ្ឍទៅមុខទៀតបែបណា?។
លោកបន្តថា “សម្រាប់លោក ក៏ដូចជាអ្នកធុរកិច្ចបារាំងផ្សេងទៀត សំឡឹងមើលកម្ពុជា ទៅលើភាពរឹងមាំនៃទីផ្សារជាសំខាន់ ព្រមទាំងស្ថិរភាពសេដ្ឋកិច្ច និងនយោបាយជាដើម មុនពេលសម្រេចចិត្តវិនិយោគ”។
ក្រុមហ៊ុនបារាំងមួយចំនួន ដែលមុនពេលសម្រេចចិត្តវិនិយោគនៅប្រទេសណាមួយ គឺគេពិនិត្យទៅលើគុណតម្លៃថា តើប្រទេសនោះមានគុណតម្លៃ ដូចប្រទេសខ្លួនដែរឬអត់? ឧទាហរណ៍ ដូចជាក្រុមហ៊ុននៅប្រទេសបារាំង និងប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប គឺគេផ្ដល់គុណតម្លៃខ្ពស់ ទៅលើសកម្មភាពទំនួលខុសត្រូវសង្គម ឬហៅថា CSR។ ដូច្នេះ ប្រសិនបើក្រុមហ៊ុនទាំងនោះ ពិនិត្យឃើញថា ប្រទេសដែលខ្លួនចង់វិនិយោគ មានសកម្មភាពទំនួលខុសត្រូវសង្គម មានស្ថិរភាពសេដ្ឋកិច្ច និងនយោបាយជាដើមនោះ ពួកគេប្រាកដទៅជាវិនិយោគមិនខាន។
លោក Arnaud Darc បានបន្តថា “វិស័យធុរកិច្ចបារាំង មិនបានផ្ដោតខ្លាំងទៅលើបញ្ហានយោបាយ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុន្មាននោះទេ តែពួកគេផ្ដោតខ្លាំងទៅលើថាតើប្រទេសនោះ មានអំណោយផលនៅក្នុងវិនិយោគដែរឬអត់? មានស្ថិរភាពសេដ្ឋកិច្ច និងនយោបាយដែរឬក៏អត់?”។
អ្នកធុរកិច្ចបារាំងបានមើលឃើញថា ប្រទេសកម្ពុជា មានចំណុចល្អច្រើន សម្រាប់ការវិនិយោគ ដោយកម្ពុជា មានគោលនយោបាយវិនិយោគអំណោយផល និងការរៀបចំឲ្យមានវេទិការវាងស្ថាប័នសាធារណៈ ជាមួយវិស័យឯកជនជាដើម។
លោក Arnaud Darc បានបន្តថា ប្រទេសបារាំង ជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលបានវិនិយោគ និងរកស៊ីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបើតាមការស្ទង់មតិ របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានរកឃើញថា ក្រុមហ៊ុនបារាំង ប្រភេទតូច ធំ និងមធ្យម ដែលកំពុងរកស៊ីនៅកម្ពុជា មានប្រមាណ៥០០ក្រុមហ៊ុន។
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា សហការជាមួយគណកម្មាធិការ ទីប្រឹក្សាពាណិជ្ជកម្មបរទេស នៃប្រទេសបារាំងប្រចាំកម្ពុជា នឹងរៀបចំ “វេទិកាធុរកិច្ចកម្ពុជា-បារាំង”រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ៩ និងទី ១០ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ នៅរាជធានីភ្នំពេញ៕