ដោយៈលក្ខិណា
ភ្នំពេញៈ លោកគង់ វិបុលអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ចំណូលដែលបានមកពីការបង់ពន្ធ របស់ប្រជាពលរដ្ឋ ដែលជាអ្នកជាប់ពន្ធ មិនបានយកទៅណាទៅចាយវាយផ្ដេសផ្ដាសទេ គឺយកមកអភិវឌ្ឍន៍ប្រទេស និងចាត់ចែងការចំណាយរបស់រដ្ឋប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ក្នុងកម្មវិធីកញ្ចប់នាំសំណាង នាថ្ងៃទី២ មិថុនានេះថា “ដូច្នេះបើចង់ឱ្យប្រទេសមានការអភិវឌ្ឍ សូមអ្នកជាប់ពន្ធចូលរួមបង់ពន្ធឱ្យបានគ្រប់គ្នានិងស្មើភាពគ្នា”។
លោកមានប្រសាសន៍ថា នៅបណ្ដាប្រទេសអភិវឌ្ឍន៍ជាច្រើន គេយកចំណូលពន្ធរបស់គេទៅអភិវឌ្ឍន៍ គឺមិនមានលុយពីណាទេ។ ចំណែកយើងវិញក៏ដូចគ្នា លុយដែលរដ្ឋចំណាយរាល់ឆ្នាំនេះ គឺបានមកពីការបង់ពន្ធរបស់អ្នកជាប់ម្ចាស់អាជីវកម្ម។ អ្នកខ្លះទៀតស្រែកថា ពន្ធដារជាន់កឱ្យបង់ពន្ធខណៈខ្លួន មិនដែលសូម្បីបង់ពន្ធម្ដងនៅឡើយទេ។ ដូច្នេះហើយយើងមិនចង់បានអ្វីទេ សុំត្រឹមតែបង់ពន្ធឱ្យបានត្រឹមត្រូវកុំកឹបកេងទៅបានហើយ ។
លោកគង់ វិបុលបានបន្តថា មានម្ចាស់អាជីវកម្មខ្លះ រកចំណូលបានដល់ទៅរាប់លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែបែរជាបង់ពន្ធត្រឹមតែ២០ម៉ឺនរៀលឬ៤០ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយឆ្នាំជាពិសេសគឺអាជីវកម្មសំអាងការ។
លោកបន្តថា “យើងបានតាមដានមើលឃើញថា សេវាកម្មរៀបចំពិធីអាពាហ៍ពិពាហ៍របស់អ្នកទទួលសេវានេះ ក្នុងមួយរោងៗមានដល់រាប់ម៉ឺនដុល្លារអាមេរិកឯណោះ ហើយក្នុងរដូវកាលខ្លះពួកគេអត់មានថ្ងៃទំនេរទេ គឺជាប់គ្នាសឹងរាល់ថ្ងៃ ដូច្នេះយើងសាកបូកលេខ ទៅមើលឃើញប៉ុន្មាន តែទឹកប្រាក់ ដែលគាត់បង់ពន្ធជូនយើងមានចំនួនតិចតួចប៉ុណ្ណោះ”។
លោកបន្តថា មួយវិញទៀតក៏មានអាជីវកម្មខ្លះ មិនបានចុះបញ្ជីបង់ពន្ធត្រឹមត្រូវដែរ ដោយទីតាំងអាជីវកម្ម ពីរជាប់គ្នាមានមួយបងពន្ធ និងមួយទៀតមិនបង់ពន្ធ។ ទាំងនេះហើយ ដែលធ្វើឱ្យយើងត្រូវកៀគរប្រមូលពន្ធឱ្យអស់លទ្ធភាព ដើម្បីអភិវឌ្ឍន៍ប្រទេស ។
លោកគង់ វិបុលបានបន្ថែមថា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគឺមិនបង្កើតថ្មីៗទេ តែឱ្យប្រមូលពន្ធឱ្យអស់លទ្ធភាពនិងស្មើភាពគ្នា ។ ក្នុងវិបត្តិកូវីដ១៩ រដ្ឋាភិបាលក៏បានលើកលែងពន្ធជាច្រើន ដល់អ្នកជាប់ពន្ធតែយើងឃើញថាចំណូលពន្ធនៅកើនឡើង ដោយសារតែលទ្ធផលនៃការកៀគរឱ្យអ្នកជាប់ពន្ធចូលរួមបង់ពន្ធឱ្យបានគ្រប់គ្នា។
លោកបន្តថា “ពេលនេះ មានអាជីវកម្មជាច្រើន ដែលធ្វើអាជីវកម្មដោយមិនចុះបញ្ជីបង់ពន្ធត្រឹមត្រូវ ក្នុងនោះមានចិនជាច្រើនផងដែរ បើកសហគ្រាសហើយមិនចុះបញ្ជីបង់ពន្ធតាមច្បាប់”៕