ដោយៈ លាងហួរ
ប្រទេសចិនៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រទេសចិនបានបញ្ចេញកញ្ចប់ថវិកា រហូតដល់ទំហំទឹកប្រាក់១២០ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស។
រដ្ឋាភិបាលចិនកំពុងខិតខំស្តារសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីនយោបាយកូវីដសូន្យរបស់ខ្លួនឡើងវិញ។ កំណើនសេដ្ឋកិច្ចប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសាររដ្ឋាភិបាលចិនបានតម្រូវឱ្យរោងចក្របញ្ឈប់ការងារ និងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផល។
លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង កាលពីសប្តាហ៍មុនបានអំពាវនាវឱ្យមានការពង្រីកសេដ្ឋកិច្ចឡើងវិញ នៅក្នុងត្រីមាសទី២នេះ ខណៈដែលក្តីបារម្ភ ចំពោះការកើនឡើងគោលដៅកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំផ្លូវការអាចសម្រេចបានកំនើនដល់ទៅ៥.៥ភាគរយ។
ការជ្រើសរើសយកខេត្តដែលរងគ្រោះខ្លាំង ដោយសារនយោបាយកូវីដសូន្យដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាជាកត្តាដ៏សំខាន់ ដើម្បីបង្កើតនូវឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក ដែលរងផលប៉ះពាល់ដោយមេរោគឆ្លង អោយមានភាពល្អប្រសើរឡើងវិញ ។ កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋដែលដឹកនាំដោយលោកលី កាលពីថ្ងៃពុធបានអនុម័ត លើការបញ្ចេញថវិកាដ៏ច្រើនសម្បើមសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា “ប្រទេសចិនចាំបាច់ណាស់ ក្នុងការបង្កើនថវិកា១២០ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព៍ន្ធរបស់ខ្លួន”។
អ្នកជំនាញនិយាយថា សេចក្តីប្រកាសនេះ ប្រហែលជាអាចជួយអោយរដ្ឋ បាលខេត្តនានា ឱ្យគាំទ្រនឹងសេចក្តីថ្លែងការណ៍ របស់ទីក្រុងប៉េកាំងស្តីពីការស្តារសេដ្ឋកិច្ចជាតិ៕