ប្រធានសភាពាណិជ្ជកម្មបារាំងៈ ក្រុមហ៊ុនបារាំងជិត ២០០គ្រោងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន និងធុរជនបារាំងជិត២០០ នឹងមកស្វែងរកឱកាសវិនិយោគ និងទីផ្សារនៅកម្ពុជា ដើម្បីជំរុញកំណើននាំចេញនាំចូលទំនិញ និងពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ដើម្បីបង្ហាញពីបរិបទអំណោយផលរបស់កម្ពុជាសម្រាប់ធុរកិច្ច និងបង្ហាញថា កម្ពុជាជាច្រក ដែលមានភាពងាយស្រួលមានភាពប្រកួតប្រជែងខ្ពស់ និងមានប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុន ក្នុងការនាំចេញទៅកាន់ទីផ្សារអាស៊ី និងពិភពលោកផងដែរ “វេទិកាធុរកិច្ចបារាំង-កម្ពុជា” នឹងត្រូវរៀបចំឡើងលើកដំបូងនៅកម្ពុជា នៅថ្ងៃទី៩-១០ ខែមិថុនានេះ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មបរទេស នៃប្រទេសបារាំងប្រចាំកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Soreusmey KEBIN ប្រធានសភាពពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា បានលើកឡើងថ្ងៃទី០១ មិថុនានេះថា នៅក្នុងវេទិកាធុរកិច្ចនេះ នឹងមានក្រុមហ៊ុនធុរជនបារាំង ដែលមកពីប្រទេសបារាំង និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានប្រមាណជិត២០០មកស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា។

លោកថា ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មួយចំនួនជាក្រុមហ៊ុនធំៗ និងមួយចំនួនទៀតជាសហគ្រាសខ្នាតតូច និងមធ្យម ដែលពួកគេអាចនឹងចាប់អារម្មណ៍បើកជាងហាងលក់ទំនិញ រោងចក្រ ឬក្រុមហ៊ុនផ្សេងៗ។ ជាមួយគ្នានេះ នឹងមានធុរកិច្ចមួយក្រុមទៀតមកមើលសក្តានុពលទីផ្សារនៅកម្ពុជា ដើម្បីនាំយកទំនិញ និងសេវាមកនៅកម្ពុជាផងដែរ។

លោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាលផ្នែកពាណិជ្ជកម្មការទេសបារាំងប្រចាំកម្ពុជា បាននិយាយថា ក្នុងចំណោមបណ្តាប្រទេសមកពីទ្វីបអឺរ៉ុប បារាំងគឺឈរនៅលំដាប់លេខ១ ដែលវិនិយោគនៅកម្ពុជាច្រើនជាងគេ។

លោកបានលើកឡើងបន្តថា ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ហេតុនេះមានវិស័យសក្តានុពលជាច្រើន ដែលអ្នកវិនិយោគកំពុងចាប់អារម្មណ៍។ វិស័យទាំងនោះ រួមមាន វិស័យទេសចរណ៍ វិស័យកសិកម្ម ដែលបារាំងត្រូវពង្រឹង និងចូលរួមអភិវឌ្ឍបន្ថែម។ បើទោះបីជា វិស័យវាយណភ័ណ្ឌ កាត់ដេរសំលៀកបំពាក់ ស្បែកជើង រីកចម្រើនក៏ដោយ ក៏នៅតែជាវិស័យសំខាន់ ដែលវិនិយោគគិនបារាំងកំពុងសម្លឹងផងដែរ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន ដែលជាសមាជិករបស់សភាសភាពពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា មានចំនួន១៥០ក្រុមហ៊ុន ដែលកំពុងវិនិយោគនៅកម្ពុជា។ លោក Arnaud Darc បានលើកឡើងថា តាមការស្ទង់មតិរបស់លោកកន្លងមក បង្ហាញមានធុរជន ក្រុមហ៊ុនខ្នាតតូច និងមធ្យម ព្រមទាំងអ្នកជំនាញវិជ្ជាជីវៈបារាំងនៅកម្ពុជា មានប្រមាណជាង៥០០៕

LEAVE A REPLY

Please enter your comment!
Please enter your name here