ដោយ៖ លាងហួរ
ឥណ្ឌូនេស៊ី៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម បាននិយាយនៅថ្ងៃពុធនេះថា ពាណិជ្ជកម្មទំនិញទ្វេភាគី រវាងសិង្ហបុរី និងឥណ្ឌូនេស៊ី បានឈានដល់៥៩,១ពាន់លានដុល្លារសិង្ហបុរី ក្នុងឆ្នាំ២០២១ដោយបានកើនឡើង២១ភាគរយ ប្រៀបធៀបកាលពីឆ្នាំមុន។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម បានចេញផ្សាយតួលេខមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Gan Kim Yong បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងហ្សាកាតា។
ក្នុងអំឡុងពេលនោះ លោកបានបញ្ជាក់សារជាថ្មីអំពីទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីដ៏រឹងមាំ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាមួយប្រទេសឥណ្ឌូនេស៊ី។ លោកមានប្រសាសន៍ថា សិង្ហបុរី និងឥណ្ឌូនេស៊ីមានទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីដ៏ល្អប្រសើរ ហើយឥណ្ឌូណេស៊ី គឺជាទីផ្សារដ៏សំខាន់សម្រាប់ធុរកិច្ចសិង្ហបុរី ដែលកំពុងស្វែងរកការបណ្តាក់ទុននៅក្រៅប្រទេស។
លោក Gan បានមានប្រសាសន៍ថា យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរបស់យើង កាន់តែស៊ីជម្រៅ និងជួយអាជីវកម្មរបស់យើង ស្វែងរកឱកាសថ្មីៗនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
យោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណ្ឌូនេស៊ីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំមួយរបស់សិង្ហបុរី។ សិង្ហបុរីក៏ជាប្រភពកំពូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI)របស់ឥណ្ឌូនេស៊ីចាប់តាំងពីឆ្នាំ២០១៤មក។
ក្នុងឆ្នាំ២០២១ តម្លៃសរុបនៃការវិនិយោគ ដែលមានការបោះទុនពីសិង្ហបុរី ក្នុងប្រទេសឥណ្ឌូនេស៊ីមានចំនួន១២,៨ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹង១៤,៩ភាគរយនៃ FDI សរុបរបស់ប្រទេសឥណ្ឌូនេស៊ី។
ក្នុងដំណើរទស្សនកិច្ចរបស់លោក Gan បានជួបជាមួយរដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូនេស៊ី លោក Bahlil Lahadalia និងរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក Arifin ផងដែរ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យថាមពល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឌីជីថល។
លោក Gan ក៏បានចូលរួមព្រឹត្តិការណ៍ធុរកិច្ច Global Connect @SBF របស់សហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសហគ្រិនសិង្ហបុរី នៅទីក្រុងហ្សាកាតា នៅថ្ងៃទី៣១ ខែឧសភា ដោយជួបជាមួយអ្នកតំណាងធុរកិច្ចសិង្ហបុរី ជាច្រើនរូប និងតំណាងធុរកិច្ចមកពីក្រុមហ៊ុនឥណ្ឌូនេស៊ី ក្នុងវិស័យហិរញ្ញវត្ថុថាមពល និងបច្ចេកវិទ្យា ផងដែរ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម បានមានប្រសាសន៍ថា លោកបានទៅទស្សនាទីក្រុង Bumi Serpong Damai នៅ South Tangerang ជាកន្លែងដែលលោកបានទស្សនកិច្ច លើការអភិវឌ្ឍន៍តម្រង់ទិសឆ្លងកាត់ ដែលជាចំណុចតភ្ជាប់ដ៏សំខាន់រវាង Tangerang និងទីក្រុងចាកាតា៕