ដោយៈសុខុម
សឹង្ហបុរី: ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Heng Swee Keat បានថ្លែងនៅថ្ងៃអង្គារ ទី៣១ ខែឧសភា នេះថា រូបិយប័ណ្ណឌីជីថល ឬ Crypto “មានហានិភ័យខ្ពស់” ប៉ុន្តែវាក៏មានសក្តានុពលផ្លាស់ប្តូរអនាគត នៃប្រព័ន្ធហិរញ្ញវត្ថុផងដែរ។
លោកបានថ្លែងក្នុងកិច្ចប្រជុំកំពូល Asia Tech x Singapore 2022 ថា “យើងត្រូវតែបន្តកែសម្រួលច្បាប់របស់យើងដើម្បីធានាថា បទប្បញ្ញត្តិនានា នៅតែជួយសម្រួលដល់នវានុវត្តន៍ថ្មី និងនៅតែដោះស្រាយហានិភ័យធំៗដែលរូបិយប័ណ្ណឌីជីថលបង្កឡើង”។
លោកបានគូសបញ្ជាក់ថា អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) តែងតែព្រមានសាធារណជន កុំឱ្យធ្វើការជួញដូររូបិយប័ណ្ណឌីជីថល ស្របពេលរដ្ឋាភិបាលបានដាក់ចេញវិធានការនានា ដើម្បីរឹតបន្តឹងការផ្សព្វផ្សាយអំពីរូបិយប័ណ្ណឌីជីថល ទៅដល់សាធារណជនទូទៅនៅដើមឆ្នាំ២០២២។
លោកបានបន្តថា “អ្នកវិនិយោគជាច្រើន បានទទួលរងការខាតបង់ ហើយថែមទាំងបាត់បង់ប្រាក់សន្សំ ពេញមួយជីវិរបស់ពួកគេទៀតផងដោយសារការធ្លាក់ថ្លៃខ្លាំងហៅមិនឮ នូវរូបិយប័ណ្ឌឌីជីថល TerraUSD និង Luna កាលពីពេលថ្មីៗនេះ ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ មកលើ Bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងៗទៀត”។
ទោះជាយ៉ាងណា ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី រូបនេះបានកត់សម្គាល់ថា ប្រព័ន្ធរូបិយប័ណ្ណឌីជីថល មានសេវាកម្មយ៉ាងច្រើន សម្បូរបែបលើសពីការជួញដូររូបិយប័ណ្ណឌីជីថល ហើយថាសិង្ហបុរី នៅតែចង់សហការជាមួយដៃគូសំខាន់ៗផ្នែកបច្ចេកវិទ្យា Blockchain និងរូបិយប័ណ្ណឌីជីថល ដើម្បីជំរុញការបង្កើតនវានុវត្តន៍ថ្មី និងបង្កើនទំនុកចិត្តលើវិស័យនេះ។
បច្ចេកវិទ្យា Blockchain គឺជាបច្ចេកវិទ្យាបង្កើតឡើងដំបូង ដើម្បីដោះដូរ និងបញ្ជាក់ភាពពិតប្រាកដរបស់រូបិយប័ណ្ណឌីជីថល Bitcoin ជាមូលដ្ឋាន គឺការធ្វើបញ្ជីគណនេយ្យមួយ ដែលមានទម្រង់ជាប្រព័ន្ធសំណុំកុំព្យូទ័រ មិនអាចកែប្រែបាន៕ CNA៕