រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កត្តាចំនួនបីធ្វើឱ្យចរន្តទេសចរណ៍ផ្ទៃក្នុងចុងសប្តាហ៍ទី៤ ថមថយជិត ១០ភាគរយ

ដោយ៖ សុផារី

ភ្នំពេញ៖ ចរន្តការដើរកំសាន្តរបស់ភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២ ត្រូវបានកត់សម្គាល់ថា មានការថមថយប្រមាណ ៩,៥១% ធៀបនឹងចុងសប្តាហ៍កន្លងមក ដោយសារតែកត្តាចំនួនបី។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងអំពីស្ថានភាពទេសចរណ៍ថា មានភ្ញៀវសរុបមានចំនួន២៧៤.០២៦នាក់ ក្នុងនោះភ្ញៀវជាតិ២៥៩.៣៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៤.៦៣៣នាក់ ដែលតួលេខខាងលើ មានការថមថយប្រមាណ៩,៥១% ធៀបនឹងចុងសប្តាហ៍កន្លងមក ប៉ុន្តែនៅតែមានលក្ខណៈប្រហាក់ប្រហែលចំនួនភ្ញៀវមុនពេលកូវដី-១៩ ដែលចំនួនភ្ញៀវស្ថិតក្នុងរង្វង់ជាមធ្យមប្រមាណ២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ៥៦.២៥១នាក់ ខេត្តបាត់ដំបង៣៩.៩២៩នាក់ រាជធានីភ្នំពេញ៣៦.២៨២នាក់ ខេត្តកំពត៣១.១២១នាក់ ខេត្តសៀមរាប១៩.៧៨២នាក់ ខេត្តកំពង់ស្ពឺ១១.៥៤៥នាក់ និងខេត្តពោធិ៍សាត់១០.៨៤៥នាក់។

លោក ថោង ខុន បានបញ្ជាក់ថា ហេតុផលទី១ តាមពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ ដោយសារការកើនឡើងតំលៃប្រេងឥន្ទនៈ។ ហេតុផលទី២ ដោយាសារ មន្ត្រីរាជការភាគច្រើនជាប់រវល់នឹងការងារចុះមូលដ្ឋាន ប្រឡូកក្នុងការឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន មិនមានពេលនាំគ្រួសារដើរកម្សាន្តចុងសប្តាហ៍។

លោកបានបន្តថា ហេតុផលទី៣ ដោយសារ កម្មករ-កម្មការនីក៏នឹងរង់ចាំពេលឈប់សម្រាក បាន៣ថ្ងៃចុងសប្តាហ៍ក្រោយ ទៅចូលរួមបោះឆ្នោតនៅស្រុកកំណើតផង និងដើរកម្សាន្តផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here