ដោយ:លាងហួរ
ប្រទេសចិន: ឧស្សាហកម្មដែករបស់ប្រទេសចិន នឹងមិនរងផលប៉ះពាល់ដោយការកំណត់ការនាំចេញរ៉ែដែក របស់ប្រទេសឥណ្ឌានោះទេ ទោះបីជាប្រទេសជិតខាងថ្មីៗនេះ បានប្រកាសដំឡើងពន្ធនាំចេញសម្រាប់ប្រភេទរ៉ែដែកច្រើនប្រភេទ ចាប់ពីថ្ងៃទី ២២ឧសភាក៏ដោយ។
ក្នុងឆ្នាំ២០២១ ប្រទេសចិន បាននាំចូលរ៉ែដែកចំនួន ៣៣.៤២លានតោនពីប្រទេសឥណ្ឌា ស្មើនឹង ២.៩៧ភាគរយនៃបរិមាណនាំចូលសរុបចំនួន១.១២ពាន់លានតោន។
លោកស្រី Wang Guoqing ប្រធានផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវព័ត៌មានដែកថែប Beijing Lange បានប្រាប់ Global Times កាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២នេះ បរិមាណនាំចូលរ៉ែដែករបស់ចិន ពីប្រទេសឥណ្ឌាមានចំនួន៥.៣៦លានតោន ធ្លាក់ចុះជិត៧១% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញបន្ថែមទៀតថា ដែនកំណត់នៃការនាំចេញរ៉ែដែករបស់ឥណ្ឌា នឹងមិនប៉ះពាល់ដល់ឧស្សាហកម្មដែករបស់ចិនទេ ។
ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យបានបង្ហាញថា ៣១ភាគរយនៃគ្រាប់ដែលជារ៉ែដែក ដែលមានរាងដូចបាល់កែច្នៃ ត្រូវបាននាំចូលពីប្រទេសឥណ្ឌា ហើយពន្ធនាំចេញត្រូវបានដំឡើង ពី៣០ភាគរយទៅ៤៥ភាគរយ។
លោកស្រី Wang បានឯកភាពថា សហគ្រាសចិនមួយចំនួន ដែលត្រូវ ការគ្រាប់រ៉ែដែកនឹងត្រូវរងផលប៉ះពាល់ ប៉ុន្តែលោកស្រីបានលើកឡើងថា ដែនកំណត់ការនាំចេញរ៉ែដែករបស់ឥណ្ឌា អាចបណ្តាលមកពីតម្រូវការក្នុងស្រុករបស់ខ្លួន។
លោកស្រីបានបន្តថា “ប្រទេសឥណ្ឌាចង់ធានាការផ្គត់ផ្គង់ សម្រាប់ ឧស្សាហកម្ម ដែកក្នុងស្រុករបស់ខ្លួន ចំពេលមានភាពចលាចលនៃការឡើងថ្លៃតម្លៃទំនិញពិភពលោក”៕