ដោយៈគង់ ម៉ាលីនណា
សៀមរាបៈ គម្រោងផលិតជីសរីរាង្គ ក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំង នៅខេត្តសៀមរាប ត្រូវបានបើកដ្ឋានសាងសង់ជាផ្លូវការហើយ។
លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសម្តែងការគួរសមជាមួយលោកស្រី Arianna ARDESI តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) និងក្រុមការងារបានចូលរួមពិធីសម្ពោធការដ្ឋាន សាងសង់អគារផលិតជីសរីរាង្គ ស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ដែលកែច្នៃភក់ចេញពីកាកសំណល់លូទឹកសម្អុយ ធ្វើជីកសិកម្មជីមមោគ ដោយបង្កើតខ្សែសង្វាក់ផលិតជីសរីរាង្គជី មមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការក្នុងវិស័យ កសិកម្ម។
ជាមួយគ្នានេះ គម្រោងត្រូវបានចាប់ផ្តើមដំណើរការ ជាផ្លូវការដោយសមាគមអភិបាលក្រុង និយមនិយាយភាសាបារាំង(AIMF)សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស ហៅកាត់ថា SIAAP ទីភ្នាក់ងារធនធានទឹក តំបន់ណកម៉ង់ឌីហៅកាត់ថា ASEN បានរួមគ្នាអនុវត្តនូវគម្រោងនេះឡើង ក្រោមកិច្ចសហការ ដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងមានចំនួន១,៧០០,០០០អឺរ៉ូ ដោយរដ្ឋបាលខេត្តសៀមរាប ជាម្ចាស់គម្រោង។
ចំពោះរចនាសម្ព័ន្ធគ្រប់គ្រង ស្ថានីយផលិតជីសរីរាង្គនេះ មានការសាងសង់ស្ថានីយកែច្នៃ ភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាពផ្ទុកបាន45ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោគតាមការប៉ាន់ប្រមាណ បាន1000គូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់ សម្រាប់ខេត្តសៀមរាប ក្នុងការកែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់ នៃការផលិតជី សម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ៕