ដោយៈ វិស័យ
ភ្នំពេញៈ រដ្ឋលេខាធិការ និងជាប្រធានអនុក្រុមការងារគាំពារសហគ្រាស និងការងារក្នុង វិស័យទេសចរណ៍លោកសុង តុងហាប់បានដឹកនាំ “កម្មវិធីផ្សព្វផ្សាយពីនីតិវិធី និងលក្ខខណ្ឌកម្ចីក្នុងគម្រោង សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍”។
គំរោងនេះ ត្រូវបានរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ។ កម្មវិធីនេះត្រូវបានរៀបចំទ្បើង ក្នុងគោលបំណង ជំរុញការអនុវត្ត និងផ្សព្វផ្សាយកម្មវិធីសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ឱ្យបានលម្អិតដល់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដើម្បីងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងយល់ដឹងពីនីតិវិធី-លក្ខខណ្ឌក្នុងការទទួលបានកម្ចី ក្នុងអត្រាការប្រាក់សម្បទាន យកទៅគាំទ្រក្នុងការជួសជុលកែលម្អ ទីតាំងអាជីវកម្មទេសចរណ៍ ឬធ្វើទំនើបកកម្ម-ពិពិធកម្មសេវាកម្ម និងផលិតផលទេសចរណ៍សំដៅត្រៀម ខ្លួនទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិទ្បើងវិញក្នុ ងពេលនិងបន្ទាប់ពី វិបត្តិជំងឺកូវីដ-១៩បានធូរស្រាល។
គម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់កម្ចី១៥០លានដុល្លារអាមេរិក ដែលមានបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន៧៥លានដុល្លារអាមេរិក តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧៥លានដុល្លារអាមេរិក ដោយផ្តល់អាទិភាពទាំងស្រុង ដល់អាជីវកម្មទេសចរណ៍ ដែលទទួលរងផលប៉ៈពាល់ដោយវិបត្តិជំងឺកូវីដ-១៩ ទូទាំងប្រទេស។
ដោយសារឥណទានមានចំនួនកំណត់ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនឹង អនុវត្តគោលការណ៍ទៅមុន ទទួលបានកម្ចី មុន (First come, First served) ដោយទាមទារឱ្យអាជីវកម្មទេសចរណ៍ សាកសួរព័ត៌មានពីគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួមឱ្យបានឆាប់ ករណីមានតម្រូវការឥណទានក្នុងគោលដៅខាងលើ៕