ដោយៈ សហការី
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែឧសភានេះ បានចេញសេចក្តីជូនដំណឹង ដល់ម្ចាស់យានយន្តគ្រប់ប្រភេទ លើ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលទទួលបាននៅថ្ងៃទី២៧ ឧសភានេះបានឲ្យដឹងថា ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស ឬយកមកជាមួយនូវប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងធ្វើការបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ឬនៅធនាគារស្ថាបនា ភីអិលស៊ីឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី«GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬPlay Store ចំពោះ Android សម្រាប់យានយន្ត ដែលធ្លាប់បានប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទកន្លងមក។
ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបតបង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។
ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ( ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជី នៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ទៀតថា ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២នេះទេ។ ម្ចាស់យានយន្តទាំងនេះ អាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន។
អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធ ក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅ។
អគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា ម្ចាស់យានយន្តគ្រប់ប្រភេទ នឹងរួសរាន់អញ្ជើញ ទៅប្រកាសបង់ពន្ធតាមទីកន្លែង និងពេលវេលាដូចបានកំណត់ខាងលើកុំបីខាន ៕