ប្រធានព្រឹទ្ធសភាស្នើទូតប៉ាគីស្ថាន ជំរុញវិនិយោគិនមកកម្ពុជាបន្ថែម

ដោយៈលក្ខិណា

ភ្នំពេញៈ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើទៅកាន់ឯកអគ្គរដ្ឋទូត ប៉ាគីស្ថានថ្មី ប្រចាំនៅកម្ពុជាជំរុញឱ្យវិនិយោគិប៉ាគីស្ថានមកកម្ពុជាបន្ថែម ដើម្បីស្វែងរកឱកាសវិនិយោគ  ខណៈការដោះប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏នៅមានកម្រិតនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបជាមួយលោក Zaheeruddin Babar Thaheem ឯកអគ្គ​រដ្ឋទូតប៉ាគីស្ថាន សម្ដេចវិបុលសេនីភក្តី សាយ ឈុំ បានមានប្រសាសន៍ថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃប្រទេសទាំងពីរ ធ្លាប់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារយៈពេល ៥ឆ្នាំ ប៉ុន្តែបានផុតសុពលភាព ដោយសម្ដេចបាន ស្នើទូតថ្មី ប៉ាគីស្ថាន ជួយសម្របសម្រួលឱ្យមានការចុះហត្ថលេខាបន្ត លើអនុស្សរណៈយោគយល់គ្នារយៈពេល៥ឆ្នាំបន្តទៀត ។

សម្តេចបន្តថា ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសច​រណ៍ រវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ។ សម្តេចមានជំនឿថា បេស​​កកម្មការទូត របស់ឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មី នឹងជួយជំរុញឱ្យការវិនិ​យោគ ពីប៉ាគីស្ថានមកកម្ពុជា ឱ្យបានកាន់តែច្រើន និងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍រវាងប៉ាគីស្ថាន-កម្ពុជា ឱ្យកាន់តែមានកំណើនកាន់​តែខ្ពស់ឡើង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងវិបុលភាពសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ។

ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន បានឯកភាព ចំពោះប្រសាសន៍របស់សម្តេចប្រធានព្រឹទ្ធសភា លើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងប្រទេសទាំងពីរ ជាពិសេសរវាងអន្តរសភា នៃប្រទេសកម្ពុជា និងប៉ាគីស្ថាន ។

លោកបន្តថា តាមរយៈបេសកកម្មការទូតនៅកម្ពុជា លោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ នៃប្រទេសទាំងពីកាត់តែរីកលូតលាស់និងរឹងមាំថែមទៀត ។

កម្ពុជាបានបើកចំហរដល់ការវិនិយោគ ពីសំណាក់វិនិយោគិនមកពីគ្រប់ទិសទី ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែនក៏បានផ្សព្វផ្សាយសក្ដានុពលវិនិយោគ នៅកម្ពុជាដល់បណ្ដាវិនិយោគិនបរទេ​ស ដើម្បីចូលមកបណ្ដាក់ទុនវិនិយោគរកប្រាក់ចំណេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here