ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចស្វាគមន៍វិនិយោគិនធំៗ នៅក្នុងពិភពលោក

ដោយៈ សុផារី

ភ្នំពេញៈ កន្លងមក តែងតែមានការចោទជាសំណួរថា តើប្រទេសកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីទទួលវិនិយោគិនពីបណ្តាក្រុមហ៊ុនធំៗ?។

ឆ្លងកាត់បទពិសោធន៍ និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រទេសកម្ពុជាត្រូវបានវាយតម្លៃថា ពិតជាបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការរង់ចាំស្វាគ​មន៍រាល់គម្រោងវិនិយោគ ជាពិសេសគម្រោងវិនិយោគធំៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក វ៉ា វីរៈ គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding និងជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ (CIPS) បានមានប្រសាសន៍នៅថ្ងៃទី២៣ ខែឧសភាកន្លងមកថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការស្វាគមន៍អ្នកវិនិយោគធំៗ មកពីទូទាំងពិភពលោក។

លោកបញ្ជាក់ថា “ប្រទេសកម្ពុជាបានត្រៀមខ្លួនក្នុងផ្នែកច្បាប់ តាមរយៈការអនុម័តច្បាប់វិនិយោគថ្មី កាលពីឆ្នាំ២០២១ នឹងទាក់ទាញគម្រោងវិនិយោគបន្ថែមទៀតមកកម្ពុជា”។ លោកបន្តថា “សម្រាប់ផ្នែកធនធានមនុស្ស អ្នកបច្ចេកទេសផ្នែកនានាជាច្រើន ត្រូវបានបណ្តុះបណ្តាលរួចជាស្រេច សម្រាប់បម្រើការងារលើគ្រប់វិស័យ”។

លោកវីរៈបានបន្តថា ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ នានា នឹងលក្ខណៈកាន់តែប្រសើរឡើងថែមទៀត។ ជាក់ស្តែង ផ្លូវជាតិលេខ១ នឹងក្លាយជាផ្លូវហាយវេយ តភ្ជាប់ទៅកាន់ព្រំដែនប្រទេសវៀតណាម។ ផ្លូវជាតិលេខ២ កំពុងស្ថិតក្នុងដំណាក់កាលពង្រីក និងគ្រោងនឹងបញ្ចប់ នាពេលខាងមុខឆាប់ៗ។ ផ្លូវជាតិលេខ៣ បានពង្រីករួចរាល់ហើយ ហើយផ្លូវជាតិលេខ៤ បានបន្ថែមផ្លូវល្បឿនលឿនមួយថែមទៀត សម្រាប់តភ្ជាប់ទៅកាន់ក្រុងព្រះសីហនុ។ ចំណែកផ្លូវជាតិលេខ៥ ក៏បានរួចដំណើរការស្ទើរតែរួចរាល់ហើយ សម្រាប់ការតភ្ជាប់ផ្ទាល់ទៅកាន់ព្រំដែនកម្ពុជាថៃ ចំណែកផ្លូវជាតិលេខ៦ ក៏បានពង្រីករួចរាល់ហើយផងដែរ។

លោកបានបញ្ជាក់ថា “ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច សម្រា​ប់ទាក់ទាញវិនិយោគិនបរទេស ក្នុងវិស័យផ្សេងៗ ក៏ដូចជាវិស័យធនធា​នមនុស្សរបស់កម្ពុជារបស់យើង”។

អ្នកស្រី ហ្គ្រែស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ទាំងផ្នែកច្បាប់វិនិយោគ ធនធានមនុស្ស បច្ចេកវិទ្យាដែលអាចទទួលបាន ហេដ្ឋារចនាសម្ព័ន្ធ និងតម្លៃនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ទាល់។

លោកស្រីលើកឡើងថា កន្លងមក រាជរដ្ឋាភិបាលបានត្រៀមផែនការមេ (Master Plan) ជាច្រើន ដែលយ៉ាងហោចណាស់ក៏មានរយៈពេល៥ ទៅ១៥ឆ្នាំ ក្នុងនោះរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស កាកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា និងការបណ្តុះបណ្តាលបច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងណាត្រៀមខ្លួនក្នុងការទទួលស្វាគមន៍វិនិយោគិន។

លោកស្រីមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបណ្តុះបណ្តាលចំណេះដឹង និងជំនាញ មានច្រើន លើភាសា និង បច្ចេកវិទ្យា។ ចំណែក ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ក៏មានច្រើន ហើយមានផ្លូវល្បឿនលឿនផងដែរ។ ម្យ៉ាងទៀត វិស័យសេវាកម្ម និងតម្លៃនៅក្នុងប្រទេសកម្ពុជា ពិតជាអំណោយផលល្អបំផុត ដូចជាតម្លៃលើទីតាំង អ៊ីនធើណែត ទឹកភ្លើង មានតម្លៃសមរម្យ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។

លោកស្រីថា “កម្ពុជាមិនត្រឹមតែរួចរាល់នោះទេ តែប្រទេសកម្ពុជាយើងបានពង្រីកខ្លួនពីក្នុងស្រុក រហូតពង្រីកខ្លួនទៅដល់ប្រទេសក្រៅពីកម្ពុជាទៀតផង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here