ការព្យាករណ៍ៈសេដ្ឋកិច្ចសឹង្ហបុរីមានកំណើនចន្លោះពី៣ទៅ៥ភាគរយ នៅឆ្នាំនេះ

ដោយៈ លាងហួរ

សឹង្ហបុរីៈ ការព្យាករណ៍បានបង្ហាញថា ផលទុនជាតិសរុបរបស់ប្រទេសសិង្ហបុរី សម្រាប់ឆ្នាំ២០២២នេះ រំពឹងនឹងសម្រេចបាននឹងមានកំណើនចន្លោះពី៣ ទៅ៥ភាគរយ។

យោងតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI)នៅថ្ងៃពុធ (២៥ឧសភា) បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី បានកើនឡើងក្នុងល្បឿនយឺត ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង៣.៧ភាគរយក្នុងត្រីមាសទី១ ​ ដែលប្រសើរជាង៣.៤ភាគរយ ដែលគេបានធ្វើការប៉ាន់ប្រមាណជាមុនរបស់រដ្ឋាភិបាល ប៉ុន្តែយឺតជាងកំណើន៦.១ភាគរយ ដែលសម្រេចបាននៅក្នុងត្រីមាសមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅលើមូលដ្ឋានដែលបានកែតម្រូវ តាមរដូវកាលប្រចាំត្រីមាស សេដ្ឋកិច្ចសឹង្ហបូរី បានកើនឡើង០.៧ភាគរយប្រចាំខែផងដែរ ដែលខ្ពស់ជាង០.៤ភាគរយនៅក្នុងការប៉ាន់ស្មានដំបូង។ កំណើនក្នុងត្រីមាសទីមួយ បានកើនឡើង ដោយសារផ្នែកផលិតកម្ម ហិរញ្ញវត្ថុ និងធានារ៉ាប់រង និងវិស័យសេវាកម្មវិជ្ជាជីវៈ។

MTI បានកត់សម្គាល់ថា បរិយាកាសសេដ្ឋកិច្ចខាងក្រៅ របស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះចាប់តាំងពីរបាយការណ៍ ប្រចាំត្រីមាសចុងក្រោយរបស់ប្រទេសនេះ ក្នុងខែកុម្ភៈ មួយផ្នែកដោយសារតែការចាប់ផ្តើម នៃសង្រ្គាមអ៊ុយក្រែន ដែលបានរំខានដល់ការផ្គត់ផ្គង់ថាមពល អាហារ និងទំនិញផ្សេងៗទៀតរបស់ពិភពលោក។

វិបត្តិរុស្ស៊ី អ៊ុយក្រែន បានធ្វើឱ្យសម្ពាធអតិផរណា ទូទាំងពិភពលោកកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កំណើនសេដ្ឋកិច្ចជាច្រើន។

ប្រទេសចិន បានចាត់វិធានការតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតកូវីដ១៩ ក៏បានធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសនេះ និងសាកលលោក ជួបនូវការរាំងស្ទះនៃសង្វាក់ផ្គត់ផ្គង់ផងដែរ។

លោកGabriel Lim លេខាធិការអចិន្ត្រៃយ៍របស់MTIបានមានប្រសា​សន៍នៅក្នុងសន្និសីទសារព័ត៌មានមួយថា ការផ្គត់ផ្គង់សកលត្រូវបានព្យាក​រណ៍ថា នឹងមានផលប៉ះពាល់ក្នុងសភាពធ្ងន់ធ្ងរ និងអូសបន្លាយយូរជាងមុន ដែលអាចកើតមានពេញមួយឆ្នាំ២០២២។

លោកបន្តថា“វានឹងរារាំងដល់ផលិតកម្ម និងបង្អាក់កំណើនផលិត​ផល​ក្នុងស្រុកសរុប (GDP) នៅក្នុងសេដ្ឋកិច្ចខាងក្រៅមួយចំនួន លើសពីអ្វីដែលយើងបានព្យាករណ៍ពីមុនមក”៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here