មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មជំរុញឱ្យវិនិយោគិនស៊ុយអែតចូលមកបណ្ដាក់ទុនស្របពេលកម្ពុជាត្រៀមខ្លួនរួចជាស្រេច

ដោយៈ លក្ខិណា

ភ្នំពេញៈ រដ្ឋមន្ត្រីស្ដីទីនៃក្រសួងពាណិជ្ជកម្មកម្ពុជា លោកឱក ប៊ុង បានជួបជាមួយអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ដើម្បីពិភាក្សា និងជជែកពីឱកាសនៃការពង្រីក និងពង្រឹងពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសស៊ុយអែត។

ក្នុងជំនួបនោះលោកឱក ប៊ុង បានបង្ហាញពីសក្ដានុពលនិងកាលានុវត្តភាពរបស់កម្ពុជាទៅកាន់ស៊ុយអែត ដើម្បីទាក់ទាញការវិនិយោគបន្ថែម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឱក ប៊ុង បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការ ទប់ស្កា​ត់ដ៏មានប្រសិទ្ធភាព និងយុទ្ធនាការចាក់វ៉ាក់សាំង ប្រកបដោយភាពជោគ​ជ័យ ដែលអនុញ្ញាតឲ្យមានការបើកប្រទេសជាប្រក្រតី និងដំណើរការសកម្ម​ភាពសេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ។

លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់និងបទប្បញ្ញត្តិ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និទ្ធិ ក្នុងការអនុវត្តនូវកម្មវិធីគម្រោង រោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការពលកម្មអន្តរជាតិ ដែលជួយធ្វើឱ្យបរិយាកាសការងារមានភាពប្រសើរឡើង ការលុបបំបាត់ពលកម្មកុមារ លើកកម្ពស់អនុលោមភាព ទៅតាមនិយាមនិងបទដ្ឋានអន្តរជាតិ និងផ្តល់សុខុមាលភាព និងទំនុកចិត្តដល់និយោជិត និងនិយោជក។

លោកឱក ប៊ុងបានបន្ថែមថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយភាគីស៊ុយអែត ដើម្បីផ្ដល់សុខុមាលភាពសង្គម និងសេដ្ឋកិច្ច ជូនប្រជាជនទាំងពីរ ក្នុងនោះក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមក្នុងការចូលរួមសហការ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ស៊ុយអែតនៅកម្ពុជា ។ ព្រមទាំងបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងនេះ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំជាងមុនបន្ថែមទៀតក្នុងអាណត្តិថ្មី របស់ឯកឧត្តមឯកអគ្គរាជទូតផងដែរ។

លោក Jon Åström Gröndahl អគ្គរាជទូតស៊ុយអែត ប្រចាំកម្ពុជាបានបង្ហាញនូវឆន្ទៈ ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត និងបានបង្ហា​ញពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងបេសកកម្មការទូតរបស់លោក  ចំពោះការលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនស៊ុយអែត ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅកម្ពុជា និងបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត ដែលអាចជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ស៊ុយអែត ដើម្បីឈានដល់កម្រិតសក្តានុពលពេញលេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here