ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានសម្តែងងសុទិដ្ឋិនិយមថា ការបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុតូរ៉ុនតូ ប្រទេសកាណាដា នឹងជំរុញទំហំពាណិជ្ជកម្មកើនឡើងរវាងប្រទេសទាំងពីរ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេលេក្រាមកាលពីល្ងាចថ្ងៃទី២៤ ឧសភាកន្លងមកថា នេះជាលើកទី១ហើយ ដែលកម្ពុជាបានបើកសភាពាណិជ្ជកម្មនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ដែលតំណាងការិយាល័យសភាពាណិជ្ជកម្មនេះ នឹងជម្រុញពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសទាំងពីរ។
លោកបន្តថា “ការនាំចេញកម្ពុជាទៅកាន់កាណាដា មានដូចជា ផលិតផលវាយណភ័ណ្ឌកាត់ដេរ កាបូបធ្វើដំណើរ កង់ និងផលិតផលកសិកម្មមួយចំនួនទៀត”។
លោកឧកញ៉ាលឹម ហេង បានបន្តទៀតថា លោកនឹងអញ្ជើញទៅប្រទេសកាណាណា ដើម្បីជ្រើសតាំងសមាជិកតំណាង សភាពាណិជ្ជកម្មចំនួន១៤រូប ក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន៣០រូប ដើម្បីធ្វើជាប្រធាន និងអនុប្រធានដើម្បីដឹកនាំការិយាល័យ តំណាងសភាពាណិជ្ជកម្មនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា។
លោកឧកញ៉ាបានបន្តថា លើសពីនេះរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេច បើកតំណាងការិយាល័យសភាពាណិជ្ជកម្ម នៅតំបន់សេនដាយ ប្រទេសជប៉ុនផងដែរ ដែលយើងរំពឹងទំហំពាណិជ្ជកម្ម ជាមួយជប៉ុននឹងកើនឡើង ពិសេសជាមួយបណ្តាប្រទេសនានា នឹងកើនឡើងថែមទៀត ស្របពេលកម្ពុជាបានចូលជាធរមានរួចហើយ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងការចូលជាធរមាននៃភាពជាដៃគូ គ្រប់ជ្រុងជ្រោយកម្រិតតំបន់ (RCEP)។
លោកឧកញ៉ាបានបន្តថា “ការចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗទាំងពីរនេះ នឹងធ្វើឲ្យទំហំពាណិជ្ជកម្មកម្ពុជា កើនឡើងកាន់តែប្រសើរ ពិសេសកម្ពុជានឹងទាក់ទាញ ការវិនិយោគកាន់តែច្រើនផងដែរ”៕