ដោយៈ សុផារី
ស្វីស: លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានថ្លែងថា វេទិកាសេដ្ឋកិច្ចពិភពលោកចង់បង្កើតនូវមជ្ឈមណ្ឌលមួយ ក្នុងគោលបំណងទាញផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវប្រើប្រាស់នូវបច្ចេកវិទ្យា។
មជ្ឈមណ្ឌលប្រភេទនេះ កន្លងមក បានធ្វើនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍នានា ជាច្រើន ដូចជា នៅ សហរដ្ឋអាមេរិក ចិន និងជប៉ុន ជាដើម។
លោកបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសស្វីស។
លោក ក្លោស ឆ្វាប់ បានឱ្យដឹងថា តាមរយៈការបង្កើតមជ្ឈមណ្ឌលនេះ នឹងអាចជួយប្រើប្រាស់ នូវបច្ចេកវិទ្យាចុងក្រោយបំផុត ដូចដែលបានអនុវត្តតាមបណ្ដាប្រទេសផ្សេងទៀត ដូចជាការអនុវត្តប្រើប្រាស់ត្រូន ដឹកជញ្ជូនថ្នាំពេទ្យជាបន្ទាន់ទៅទីតាំងដាច់ស្រយាល ត្រូនប្រើក្នុងវិស័យកសិកម្ម ជាដើម ហើយក៏មានការងារមួយចំនួនទៀត ដែលប្រើប្រាស់បច្ចេកវិទ្យាជាមួយនឹងប្រព័ន្ធធនាគារផងដែរ។
លោកក៏រំពឹងថា យើងនឹងអាចធ្វើការជាមួយគ្នា ហើយនឹងអាចចុះកិច្ចព្រមព្រៀងមួយរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក នាពេលខាងមុខនេះ ជាពិសេសនៅពេលដែលលោក សាស្ត្រាចារ្យអញ្ជើញមកកាន់កម្ពុជាតែម្ដង។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចនឹងចាត់ឲ្យមន្ត្រីទទួលបន្ទុក ធ្វើការងារនេះ ជាមួយនឹងខាងមន្ត្រីនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕