ដោយ៖ លាងហួរ
សេអ៊ូល៖ ការស្ទាបស្ទង់មតិប្រចាំខែ របស់ធនាគារកណ្តាលកូរ៉េ បានបង្ហាញថា កម្រិតអតិផរណារបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេលជិតមួយទសវត្សកន្លងមកនេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែឧសភានេះ បានឱ្យដឹងថា ប្រជាជនកូរ៉េខាងត្បូងរំពឹងថា អតិផរណានឹងស្ថិតនៅក្នុងកម្រិត ជាមធ្យម៣,៣ភាគរយ ក្នុងរយៈពេល១២ខែបន្ទាប់ ដោយបានកើនឡើងពី៣,១ភាគរយនៅក្នុងខែមេសា ដែលឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែតុលាឆ្នាំ២០១២។
ធនាគារកណ្តាលកូរ៉េ បានដំឡើងអត្រាការប្រាក់សរុបចំនួន១០០ពិន្ទុ ជាមូលដ្ឋាន ក្នុង៤ជំហានចាប់តាំងពីខែសីហាឆ្នាំមុន ពីកម្រិតទាបបំផុត០.៥ភាគរយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។
នៅក្នុងខែមេសា អតិផរណាប្រចាំឆ្នាំនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់អាស៊ី បានកើនឡើងលឿនជាងការរំពឹងទុក ដែលឈានដល់កម្រិតខ្ពស់ជាង១៣ឆ្នាំមុនដែលមានត្រឹម៤,៨ភាគរយ។
ធនាគារកណ្តាល ក៏បានឱ្យដឹងនៅថ្ងៃអង្គារថា សន្ទស្សន៍អតិថិជនបានធ្លាក់ចុះដល់១០២,៦ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីខែសីហាឆ្នាំមុន គឺ១០៣,៨ក្នុងខែមេសា៕