ដោយសុខុម
សេអ៊ូល: ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់កូរ៉េខាងត្បូង Hyundai Motor Group បានសម្រេចចិត្តបោះទុនវិនិយោគទឹកប្រាក់សរុបរហូតដល់ទៅ១០,៥ពាន់លានដុល្លារ អំឡុងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ធ្វើទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសកូរ៉េខាងត្បូង។
ប្រធានក្រុមហ៊ុននេះបានលើកឡើងកាលពីថ្ងៃអាទិត្យ ទី២២ ខែឧសភា ថា ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះរួមទាំង ការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) និងការវិនិយោគលើបច្ចេកវិទ្យានាពេលអនាគតដូចជា មនុស្សយន្ត បច្ចេកវិទ្យាយានហោះ (UAM) ការបើកបរដោយស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត (AI) ផងដែរ។
អំឡុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក្នុងទីក្រុងសេអ៊ូល លោក Chung Euisun ប្រធានក្រុមហ៊ុន Hyundai Motor Group បានថ្លែងថា “កាលពីម្សិលមិញ យើងបានប្រកាសពីការវិនិយោគចំនួន៥,៥ពាន់លានដុល្លារនៅក្នុងរដ្ឋ Georgia ដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី និងអាគុយដំបូងបង្អស់របស់យើង។ វានឹងក្លាយជារោងចក្រទី១ របស់យើងនៅសហរដ្ឋអាមេរិក”។
លោកបន្ថែមទៀតថា “ថ្ងៃនេះ ខ្ញុំក៏ចង់គូសបញ្ជាក់ពីការវិនិយោគបន្ថែមទៀតទាក់ទងនឹងអាជីវកម្មរបស់នាពេលអនាគតផងដែរ។ ក្រុមហ៊ុន Hyundai Motor Group គ្រោងនឹងបោះទុនវិនិយោគបន្ថែម៥ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៥ ដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ជាមួយក្រុមហ៊ុនសហគ្រាសអាមេរិក ផ្នែកបច្ចេកវិទ្យាចម្រុះដូចជាមនុស្សយន្ត បច្ចេកវិទ្យា UAM ការបើកបរ ដោយស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត (AI) ផងដែរ”។
លោក Chung Euisun ក៏គូសបញ្ជាក់ដែរថា ការវិនិយោគសរុបជាង១០ពាន់លានដុល្លារ នេះ “នឹងអាចឱ្យយើងរីកចម្រើនទៅជាក្រុមហ៊ុនមួយ ដែលមានសមត្ថភាពផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពកាន់តែប្រសើរដល់អតិថិជនរបស់យើង”។
លោកបានបន្តថា “សរុបមក នេះធ្វើឱ្យការវិនិយោគថ្មីរបស់យើង នៅសហរដ្ឋអាមេរិក មានលើសពី១០ពាន់លានដុល្លារ។ តាមរយៈការវិនិយោគទាំងនេះ ក្រុមហ៊ុន Hyundai Motor Group នឹងផ្តល់ឱ្យអតិថិជនដ៏មានតម្លៃរបស់យើង ក្នុងសហរដ្ឋអាមេរិក នូវផលិតផល និងដំណោះស្រាយ ប្រកបដោយនវានុវត្តន៍ថ្មី និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ដើម្បីឱ្យបាននូវអព្យាក្រឹតភាពកាបូន”៕