ក្រុមហ៊ុនYongsia Real Estateចំណាយប្រាក់កន្លះលានដុល្លារសាងសង់ផ្លូវជូនប្រជាពលរដ្ឋនៅក្រុងកែប

ដោយៈគង់ សូរិយា

       កែបៈ ក្រុមហ៊ុនYoungsia Real Estate ដែលជាម្ចាស់គំរោងឆ្នេរសមុទ្រកោងកាង បានចំណាយប្រាក់រហូតដល់៥០ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវជូនប្រជាពលរដ្ឋនៅក្នុងក្រុងកែប។


ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២០ ឧសភាកន្លងមកថា ការ​សាងសង់ផ្លូវនេះ នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមន្រ្តីជំនាញបានចុះវាស់វែងកាលពីថ្ងៃទី២០ ឧសភាកន្លងមកនេះ។ លោកបន្តថា ផ្លូវនេះមានទំហំ៨ម៉ែត្រ ដែលមានការបំពាក់អំពូលភ្លើងសឡា បំភ្លឺផ្លួវ សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកបន្តថា ផ្លូវនេះស្ថិតនៅភូមិដំណាច់ចំបក់ សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប ដែលមានទីតាំងកៀកនឹងរង្វង់មូលសេះស ប្រមាណ១០០០ម៉ែត្រ និងជាទីតាំងដែលព័ទ្ឋជុំវិញដោយហេដ្ឋារចនាសម្ព័ន្ឋ ងាយស្រួលក្នុង​ការធ្វើដំណើរ។

ទាក់ទងគំរោងឆ្នេរសមុទ្រកោងកាង លោកCooler Tanបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនបានចំណាយប្រាក់ ប្រមាណ១០លានដុល្លារអាមេរិក ដើម្បីវិនិយោគដីឡូត៍លំហែរលំដាប់អន្តរជាតិនេះឡើង ដែលវាជាគំ​រោងធំជាងគេ ប្រណីតភាពជាងគេនៅក្នុងទីក្រុងកែប។

លោកបន្តថា “គំរោងនេះមានលក្ខណៈពិសេសជាច្រើន ដោយរួមបញ្ចូលនូវឆ្នេរសមុទ្រ ដងព្រែកដែលអាចជិះទូក ទៅលេងកំសាន្តនៅសមុទ្រក្នុងខេត្តកែបបាន ពិសេសមានទេសភាពភ្នំ១៨០ដឺក្រេ”។ លោកបន្តថា “គំរោងនេះ ក៏មាននូវទេសភាពស្រែអំបិល ដើមកោងកាង និងដងព្រែកដែលអាចជិះទូកកំសាន្ត និងស្ទូចត្រីផងដែរ”។

លោកCooler Tanបានបន្តថា លើសពីនេះ យើងបាននិងកំពុងផ្តល់ឲ្យអ្នកទិញដីលំហែរនេះ អាចទទួល​បានផលចំណេញខ្ពស់នាពេលអនាគត តាមរយៈហេដ្ឋារចនាសម្ព័ន្ឋ ដែល​យើងនឹងផ្តល់ជូននូវអ្វី ដែលអ្នកវិនិយោគ ឬអ្នកចង់បានដីលំហែរទទួលបានលើសអ្វី ដែលពួកគាត់មិនធ្លាប់បានគិតដល់”។

លោកបន្តទៀតថា ដោយសារខេត្តកែប ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលក្នុងផែនការមេ អភិវឌ្ឍន៍ទេសចរណ៍លំហែរកាយកម្រិតខ្ពស់ ទើបក្រុមហ៊ុនបាន និងកំពុងរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ខេត្តនេះឲ្យមានភាពរីកចម្រើនកាន់តែលឿន និងដើរស្របគ្នាជាមួយគោលនយោបា​យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តនេះជាខេត្តគំរូមួយ សម្រាប់អភិ​វឌ្ឍន៍ទេសចរណ៍ លំហែរកាយកម្រិតខ្ពស់ ព្រោះរដ្ឋាភិបាលនឹងមិនអនុញ្ញាត្តឲ្យមានការសាងសង់រោងចក្រ សហគ្រាសនានានៅក្នុងខេត្តនេះនោះទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here