ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ខ្លាញ់របស់សត្វក្រពើ កំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ ខណៈសាច់ និងស្បែករបស់វាមិនមានទីផ្សារល្អប្រសើរឡើយ។
លោកញ៉ែម បូរាណ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នទីផ្សារសាច់ និងស្បែកក្រពើ ពុំមានតម្រូវការនោះទេ ប៉ុន្តែបែរជាមានតម្រូវខ្លាញ់របស់ក្រពើទៅវិញ។ មានតម្រូវការដោយសារតែខ្វះការផ្គត់ផ្គង់។
លោកបន្តថា កង្វះខាតការផ្គត់ផ្គង់ ដោយសារតែពុំមានតម្រូវការសាច់ និងស្បែក ដូច្នេះម្ចាស់ក្រពើមិនអាចសម្លាប់ក្រពើយកតែខ្លាញ់ ហើយចោលសាច់ និងស្បែកបាននោះទេ”។
ញ៉ែម បូរាណ ក៏បានកែច្នៃខ្លាញ់ក្រពើ ធ្វើជាឱសថព្យាបាលអាការៈមួយចំនួនផងដែរ។
បើតាមលោក បូរាណ ខ្លាញ់ប្រពើមានសមត្ថភាពអាចព្យាបាល ដូចជា ស្លាកស្នាម កើតបរមាស់ ដំបៅ សង្វា ឃ្លង់ល្ពៅ និងអាលេកហ្ស៊ីស្បែកជាដើម។ ខ្លាញ់ក្រពើមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលជំងឺទាំងអស់នេះ។
បច្ចុប្បន្នលោក ញ៉ែម បូរាណ ងាកមកកែច្នៃខ្លាញ់ក្រពើលក់ជាឱសថ ជំនួសឱ្យការលក់ក្រពើទាំងមូល។ សព្វថ្ងៃកូនក្រពើមួយក្បាល លក់បានមួយតម្លៃ២ពាន់រៀលប៉ុណ្ណោះ ខណៈពីមុនតម្លៃជាង១០ដុល្លារក្នុងមួយក្បាល។
ចំណែកក្រពើមេធ្វើពូជ ទិញចូលពីបរទេសតម្លៃមួយក្បាលចន្លោះពី ៧០០ដុល្លារទៅជាង១ពាក់ដុល្លារ តែបច្ចុប្បន្នលក់វិញតម្លៃ៣០-៤០ដុល្លារ ប៉ុណ្ណោះ៕