ដោយ៖ សុផារី
កែប៖ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២២នាពេលកន្លងមក រដ្ឋបាលខេត្តកែប បានដាក់ចេញការងារគោលដៅចំនួន៦ចំណុច សម្រាប់ទិសដៅអនុវត្តន៍ការងារឆ្នាំ២០២២។
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២២នេះ មានការចូលរួមពីលោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប
លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជម្រុញដល់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារចំនួន៦ចំណុច រួមមាន ទី១ អនុវត្តឱ្យមានប្រសិទ្ធភាពនូវកម្មវិធីវិនិយោគបីឆ្នាំរំកិល ដើម្បីបំពេញតម្រូវការជាក់ស្តែង ទី២ យកចិត្តទុកដាក់លើការងារផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងក្រមសីលធម៌ ទី៣ លើកកម្ពស់ចលនាភូមិឃុំមានសុវត្ថិភាព ដើម្បីធានាបាននូវ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ទី៤ ជម្រុញការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ចរាចរណ៍ផ្លូវគោគឱ្យមានប្រសិទ្ធភាព ទី៥ យកចិត្តទុកដាក់ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ និងទី៦ អន្តរាគមន៍ដោះស្រាយបញ្ហាគ្រោះមហន្តរាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោក ជិន ប៊ុនស៊ាន បានជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្របតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ក្នុងស្មារតីទទួលខុសត្រូវ ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយសាធារណៈ ក្នុងភូមិសាស្រ្តរបស់ខ្លួន ឱ្យមានភាពកាន់តែល្អប្រសើរ ជាមួយនេះមន្រ្តីរាជការត្រូវមានការ ផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ និងគោរពវិន័យបានល្អ ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយល្អប្រសើរ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា៕