ដោយ៖ សុផារី
ភ្នំពេញ៖ ប្រទេសកម្ពុជា និងចិន ជាមិត្តដែកថែម និងមានកិច្ចសហការល្អៗជាច្រើនជាមួយគ្នា។ យោងតាមរបាយការណ៍ ក្នុងត្រីមាសទី១ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាសម្រេចបាន៣,៧៥ពាន់លានដុល្លារអាមេរិក កើនឡើង៣៩,២ភាគរយ បើធៀបនឹងឆ្នាំមុន និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសនៅតំបន់អាស៊ាន។
ក្នុងវេទិកាធុរកិច្ចវិនិយោគកម្ពុជា-ចិន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិនក្នុងឆ្នាំ២០២១ សម្រេចបានទំហំទឹកប្រាក់១១.១៩៤ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅប្រទេសចិនបានជាង១.៥១០ លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញជាង៩.៦៨៤ លានដុល្លារអាមេរិកជាមួយនឹងកំណើនប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០។
លោកបានបន្ដថា កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន លើកិច្ចការជាច្រើនទាក់ទងនឹងពាណិជ្ជកម្មដូចជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ចំនួន៩ទីតាំងនៅតាមទីក្រុងធំៗមួយចំនួននៃប្រទេសចិន ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅទីផ្សារចិន។
ថ្មីៗកន្លងទៅកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ក្នុងគោលដៅជំរុញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារចិន ក្នុងនោះនឹងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជា៤០ម៉ឺនតោន ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២-២០២៣ ខាងមុខនេះ។
លោកបានបញ្ជាក់ថា “ជាមួយគ្នានេះកម្ពុជា-ចិន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពនឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ តាមរយៈការបើកឱ្យបានទូលំទូលាយ ជាងមុននូវទីផ្សារ និងលំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់លំហូរវិនិយោគ ដើម្បីអនុញ្ញាតឱ្យកម្ពុជាក៏ដូចជា ប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការនាំចេញផលិតផលសក្តានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត”។
លោក Qian Keming អនុរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន បានអបអរសារទរ និងលើកឡើងថា នេះជាវេទិកាធុរកិច្ចវិនិយោគកម្ពុជា-ចិន ដែលជួបជុំគ្នា បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩មក។ កម្ពុជា-ចិនជាមិត្តដែកថែមនិងមានកិច្ចសហការល្អៗជាច្រើនជាមួយគ្នា យោងតាមរបាយការណ៍ ក្នុងត្រីមាសទី១ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាសម្រេចបាន៣,៧៥ពាន់លានដុល្លារអាមេរិក កើនឡើង៣៩,២ភាគរយ បើធៀបនឹងឆ្នាំនេះ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសនៅតំបន់អាស៊ាន៕