ដោយៈសុខុម
ហុងកុង: ភាគហ៊ុននៅទីផ្សារក្រុងហុងកុង បានស្ទុះហក់ឡើងជាង៣%កាលពីរសៀលថ្ងៃអង្គារ ទី១៧ ខែឧសភា បន្ទាប់ពីធ្លាយព័ត៌មានថា អាជ្ញាធរនៃក្រុងសៀងហៃ ដែលត្រូវបានបិទខ្ទប់ដោយសារកូវីដ-១៩ នឹងចាប់ផ្ដើមបើកដំណើរការអាជីវកម្មឡើងវិញជាបណ្តើរៗ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ក្នុងថ្ងៃដដែលឱ្យដឹងថា សន្ទស្សន៍ផ្សារភាគហ៊ុនហុងកុង Hang Seng Index បានស្ទុះហក់ឡើង៣,២% ក្រោយធ្លាយដំណឹងនេះ។
សន្ទស្សន៍ផ្សារហ៊ុនចំនួន២របស់ចិនដីគោក គឺShanghai Composite Index និង Shenzhen Composite Index បានហក់ឡើង ខណៈសន្ទស្សន៍ផ្សារភាគហ៊ុនក្រុងម៉ានីល សិង្ហបុរី និងក្រុងសេអ៊ូល បានបង្ហាញសញ្ញាហក់ឡើងជាវិជ្ជកាលពីថ្ងៃអង្គារ។
កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ អភិបាលរងក្រុងសៀងហៃ បានប្រកាសថា ទីក្រុងនេះនឹងបើកអាជីវកម្មឡើងវិញ ជាបណ្តើរៗចាប់ពីថ្ងៃច័ន្ទ សប្ដាហ៍នេះតទៅ។
ទោះបីជាគ្មានព័ត៌មានជាក់លាក់ណាមួយ ត្រូវបានផ្តល់ឱ្យ ហើយមនុស្សរាប់លាននាក់ ស្ថិតនៅក្រោមការបិទខ្ទប់នៅឡើយក្ដី ក៏ទីផ្សារនានាទទួលបានសញ្ញាវិជ្ជមានគួរឱ្យអបអរសាទរ ដោយសារមានការក្ដីរំពឹងថាសេដ្ឋកិច្ចប្រទេសចិន បើកដំណើរការឡើងវិញ។
ការបង្ហាញសញ្ញាជាវិជ្ជមានរបស់ទីក្រុងហុងកុង កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះកើតមានឡើង បន្ទាប់ពីមានភាពច្របូកច្របល់ប៉ុន្មានសប្តាហ៍នៅក្នុងទីផ្សារទូទាំងពិភពលោក ដោយការភ័យខ្លាចចំពោះការកើនឡើងអតិផរណា ការអូសបន្លាយការបិទខ្ទប់របស់ប្រទេសចិន ដើម្បីទប់ស្កាត់ការរីករាលដាលើវីរុសកូវីដ-១៩ និងសង្រ្គាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន ដែលធ្វើឱ្យតម្លៃប្រេងឆៅហក់ឡើងខ្ពស់មិនធ្លាប់មាន៕ AFP៕