ព្រឹទ្ធសភាអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួនពីរ

ដោយ៖ សូរិយា

 

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានព្រឹទ្ធសភាអនុម័តគាំទ្រទាំងស្រុងនៅក្នុងសម័យប្រជុំ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

ការសម្រេចអនុម័តគាំទ្រលើសេចក្តីព្រាងច្បាប់ចំនួន២ បានធ្វើឡើងក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា និងមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប។

របៀបវារៈទី១ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ។

 

សេចក្តីព្រាងច្បាប់នេះត្រូវបានលោក សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំព្រឹទ្ធសភា បានជ្រាបអំពីការពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់។

 

បន្ទាប់ពីសមាជិកព្រឹទ្ធសភាចំនួន៣រូប ឡើងមានយោបល់ និងលើកជាសំណួរសុំការបំភ្លឺរួចមក លោក អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកកម្មពិសេស អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ បានឡើងស្រាយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

 

របៀបវារៈទី២ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានលោក គង់ សារាជ ប្រធានគណៈកម្មការ ទី៩ ព្រឹទ្ធសភា ឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំព្រឹទ្ធសភាបានជ្រាបអំពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន៥រូប ឡើងមានយោបល់ និងលើកជាសំណួរសុំការបំភ្លឺរួចមក លោក អង្គ វង្ស វឌ្ឍានា អមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម បានឡើងស្រាយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមា ជិកព្រឹទ្ធសភាទាំងមូល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here