ដោយ៖ សុផារី
រុស្ស៊ី៖ ក្រោយក្រុមហ៊ុនបរទេសជាច្រើនសម្រេចចាកចេញពីប្រទេសរុស្ស៊ី បុគ្គលិករុស្ស៊ីបានបាត់បង់ការងារធ្វើ ហើយបណ្តាលឱ្យអត្រាគ្មានការងារធ្វើរបស់ប្រទេសរុស្ស៊ី កើនឡើងដល់ប្រហែល៤,៦ភាគរយ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ ហើយអាចកើនឡើងដល់៩ភាគរយ នៅចុងឆ្នាំនេះ។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Canadian Business នៅក្នុងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ។
បើយោងតាមការស្រាវជ្រាវរបស់អ្នកវិភាគ Bloomberg ក្នុងអំឡុងខែមេសា បានឱ្យដឹងថា អត្រាគ្មានការងារធ្វើរបស់ប្រទេសរុស្ស៊ី ដែលមានប្រហែល៤,៦ភាគរយ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ អាចកើនឡើងដល់៩ភាគរយ នៅចុងឆ្នាំនេះ។ ទន្ទឹមនឹងនោះដែរ អតិផរណាពីមួយឆ្នាំទៅមួយឆ្នាំ បានកើនឡើងដល់ជិត១៨ភាគរយ ក្នុងខែមេសា។
បុគ្គលិកក្រុមហ៊ុន Fast Food លំដាប់ពិភពលោក McDonald’s ចំនួន៦២.០០០នាក់ បានបាត់បង់ការងារធ្វើ នៅទូទាំង៨៥០សាខាទូទាំងប្រទេស។ បុគ្គលិកក្រុមហ៊ុន Renault ចំនួន៤៥.០០០នាក់ ក៏បានបាត់បង់ការងារ ហើយបុគ្គលិកចំនួន១៥.០០០នាក់ របស់ក្រុមហ៊ុន IKEA នឹងទទួលបានប្រាក់ខែត្រឹមចុងខែសីហាប៉ុណ្ណោះ។
យោងតាមឯកសារលេចធ្លាយ រតនាគាររុស្ស៊ីរំពឹងថា GDP នឹងធ្លាក់ចុះ១២ភាគរយនៅឆ្នាំនេះ ដោយទាញទំលាក់កំណើនសេដ្ឋកិច្ចរុស្ស៊ីរយៈពេល១០ឆ្នាំ។
យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ នៅទីក្រុងមូស្គូ បានឱ្យដឹងថា ក្នុងខែកុម្ភៈ ជនជាតិរុស្សី៣លាននាក់ បានអត់ការងារធ្វើ។ ការងារចំនួន២លានកន្លែងបន្ថែមទៀត កំពុងជាប់គាំងនៅក្នុងឆ្នាំនេះ។ យោងទៅតាមមន្ត្រីរុស្ស៊ី គិតត្រឹមដើមខែមីនា កម្មករចំនួន៩៥.០០០ នាក់បាន និងកំពុងស្វែងរកការងារថ្មី៕