ដោយ៖ សហការី
រុស្ស៉ី៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទបាននិយាយថា រុស្ស៊ីមិនមានបញ្ហាជាមួយការចូលជាសមាជិកអង្គការណាតូ របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតទេ ប៉ុន្តែថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីរបស់ពួកគេ នឹងទាមទារឱ្យមានប្រតិកម្មពីទីក្រុងមូស្គូ។នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២។
លោក ពូទីន បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំកំពូល នៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ដឹកនាំដោយរុស្ស៊ី (CSTO) នៅទីក្រុងមូស្គូ។ លោកបាននិយាយថា ការពង្រីកខ្លួនរបស់ណាតូ គឺជាបញ្ហាសម្រាប់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៉ីរូបនេះបានបន្តថា សហគមអន្តរជាតិត្រូវតែពិនិត្យមើលឱ្យដិតដល់ឡើងវិញ នូវអ្វីដែលលោកបានធ្លាប់និយាយថា អង្គាការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺមានផែនការបង្កើតសមត្ថិភាពយោធារបស់ខ្លួនដើម្បីបង្កើនឥទ្ធិពលនៅទូទាំងសកលលោក។
ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានបង្ហាញពីចេតនារបស់ពួកគេ ក្នុងការចូលរួមជាមួយអង្គការណាតូ ជុំវិញសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសស៊ុយអែត បានដាក់សំណើជាផ្លូវការ ដើម្បីចូលរួមជាមួយអង្គការណាតូថា រុស្ស៊ី “នឹងត្រូវបង្ខំឱ្យចាត់វិធានការសងសឹកទាំងបច្ចេកទេសយោធា និងលក្ខណៈផ្សេងទៀត ដើម្បីបញ្ឈប់ការគំរាមកំហែងដល់ប្រទេសរបស់ខ្លួន”៕