ដោយ៖ សុផារី
ភ្នំពេញ៖ តម្លៃប្រេងសាំងបាននិងកំពុងបន្តកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ជាពិសេសក្រោយវិបត្តិសង្រ្គាមរុស្ស៉ី អ៊ុយក្រែន បានផ្ទុះឡើង។
មូលហេតុសំខាន់ៗបីយ៉ាង ដែលបណ្តាលឱ្យប្រេងឥន្ធនៈមានតម្លៃថ្លៃខ្លាំង រួមមាន កំណើនតម្រូវការសាំង ក្រោយការរាតត្បាតកូវីដ១៩ ការកាត់បន្ថយការផលិតប្រេងសាំង និងទណ្ឌកម្មរបស់អាមេរិក និងសម្ព័ន្ធមិត្ត មកលើរុស្ស៊ី ដែលបណ្តាលឱ្យប៉ះពាល់ដល់ទីផ្សារពិភពលោក។
នៅពេលជំងឺរាតត្បាតបានវាយប្រហារសហរដ្ឋអាមេរិកជាលើកដំបូងក្នុងខែមីនាឆ្នាំ២០២០ តម្រូវការប្រេងសាំងបានធ្លាក់ចុះ ខណៈមនុស្សបានជ្រកកោននៅផ្ទះ ដោយសារតែការបិទខ្ទប់។ ប៉ុន្តែ នៅពេលសេដ្ឋកិច្ចបានស្ទុះងើបឡើងវិញ ធ្វើឱ្យមានការធ្វើដំណើរឡើងវិញ ដែលបណ្តាលឱ្យតម្រូវការកើនឡើង តម្លៃប្រេងសាំងក៏ចាប់ផ្តើមឡើងថ្លៃផងដែរ។
ក្រៅពីនេះ នៅពេលដែលតម្រូវការប្រេងធ្លាក់ចុះ ក្នុងអំឡុងពេលជំងឺរាតត្បាត អង្គការ OPEC និងប្រទេសផលិតប្រេងដូចជា ប្រទេសរុស្ស៊ីបានកាត់បន្ថយការផលិត ដោយកាត់បន្ថយចំនួន១០លានបារ៉ែល ស្មើនឹង១០ភាគរយ នៃការផ្គត់ផ្គង់សកល ដែលមិនធ្លាប់មានពីមុនមក។ ពេលសេដ្ឋកិច្ចពិភពលោក បាននិងកំពុងងើបឡើងវិញ អង្គការ OPEC មានភាពយឺតយ៉ាវ ក្នុងការបង្កើនផលិតកម្ម។
ហេតុផលទី៣ គឺ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានបង្កឱ្យមានការកើនឡើង យ៉ាងឆាប់រហ័ស នៃតម្លៃប្រេង ប្រមាណ២០ភាគរយ ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ ក្រោយពេលអាមេរិក និងសម្ព័ន្ធមិត្ត ដាក់ទណ្ឌកម្មលើរុស្ស៉ី វាក៏ប៉ះពាល់ដល់ការនាំចេញប្រេងរបស់ប្រទេសរុស្ស៊ី ទៅកាន់ប្រទេសនានាក្នុងពិភពលោក៕