រដ្ឋមន្រ្តីកម្ពុជាពីររូបបង្ហាញវឌ្ឍនភាព និងបរិយាកាសធុរកិច្ចជូនភាគីអាមេរិក

ដោយៈ គង់ ម៉ាលីនណា

អាមេរិកៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ លោក Ron Estes និងលោកស្រី Carol Miller សមាជិកនៃអនុគណៈកម្មាធិការ Ways and Means Trade Subcommittee នៃរដ្ឋសភាសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ព្រមទាំងចែករំលែកអំពីវឌ្ឍនភាព-បរិយាកាសធុរកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបនោះ លោករដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងបានជម្រាបអំពីសមិទ្ធផលថ្មីៗ និងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជា ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ និងកំពុងចរចាជាមួយដៃគូផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្ពុជា ថែមទាំងជម្រាបជូននូវការដាក់ចេញ នូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣, ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ និងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ ការកាត់បន្ថយនីតិវិធី និងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួលយ៉ាងច្រើន ដល់ការធ្វើធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប សមាជិកអនុគណៈកម្មាធិការទាំងពីរ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព ក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ដ៏មានប្រសិទ្ធភាព ក៏ដូចជាអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលថ្មី និងការងើបឡើងវិញយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចរបស់កម្ពុជា។ លើសពីនេះ ភាគីអាម៉េរិក បានជម្រាបអំពីការយកចិត្តទុកដាក់របស់អាមេរិកលើបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ បទដ្ឋានការងារ ព្រមទាំងបានស្នើឱ្យកម្ពុជា ពិនិត្យលទ្ធភាពក្នុងការនាំចូលឧស្ម័នហ្គាសពីសហរដ្ឋអាមេរិកបន្ថែមផងដែរ។

លោករដ្ឋមន្រ្តីកម្ពុជាទាំងពីររូប បានស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិក មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពជាក់ស្តែងនៅកម្ពុជា ព្រមទាំងបានអំពាវនាវឱ្យធុរជនអាមេរិក មកវិនិយោគនៅកម្ពុជាឱ្យកាន់​តែច្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here