ដោយ៖ សុផារី
ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ហៅកាត់ថា AFD បានសន្យាផ្តល់ហិរញ្ញប្បទានជាង ៣០០លានអឺរ៉ូ ឬប្រហែលជាង៤១៥លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់គម្រោងអភិវឌ្ឍន៍លើវិស័យនានា នៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា កិច្ចពិភាក្សាកម្រិតគោលនយោបាយលើកទី៥ រវាងប្រទេសបារាំង និងកម្ពុជាត្រូវបានរៀបចំឡើង ដើម្បីពិនិត្យអំពីអាទិភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តនានា គឺជាឱកាសសម្រាប់ពង្រឹងភាពជាដៃគូ រយៈពេលវែង រវាងកម្ពុជា និងទីភ្នាក់ងារ AFD ក៏ដូចជាកំណត់ទិសដៅសំខាន់ៗនាពេលអនាគត។
កិច្ចពិភាក្សាបានផ្តោតទៅលើគម្រោងសម្រាប់ឆ្នាំ២០២២-២០២៤ ដែលមានទឹកប្រាក់ជាង ៣០០លានអឺរ៉ូ តាមការព្រមព្រៀងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារ AFD ហើយផ្តល់អាទិភាពទៅលើវិស័យទឹក និងអនាម័យ កសិកម្ម ការគ្រប់គ្រងធនធានទឹក ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាមួយការប្តេជ្ញាចិត្តក្នុងការផ្តល់ហិរញ្ញប្បទានសម្បទាន និងហិញ្ញប្បទានឥតសំណងប្រចាំឆ្នាំជាង ១០០លានអឺរ៉ូ ទីភ្នាក់ងារ AFD គូសបញ្ជាក់សារជាថ្មីពីការគាំទ្ររបស់ខ្លួនដល់កំណើនប្រកបដោយបរិយាប័ន្ន និងចីរភាពសម្រាប់ប្រទេសកម្ពុជា។
ទីភ្នាក់ងារ AFD ក៏បានបញ្ជាក់សារជាថ្មីផងដែរ អំពីការផ្តល់អាទិភាពដល់ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅក្នុងបណ្តាគម្រោងមានស្រាប់ និងគម្រោងអនាគត។
លោកស្រី អូហ្វេលី បួរីស នាយិកា AFD ប្រចាំកម្ពុជា បានលើកឡើងថា “ទីភ្នាក់ងារ AFD គាំទ្រការលើកកម្ពស់ការរីកចម្រើនប្រកបដោយចីរភាព តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធមានគុណភាព ការពង្រឹងភាពធន់របស់ដីទៅនឹងការប្រែប្រួលអាកាសធាតុ និងកំណើនប្រកបដោយបរិយាប័ន្ន។ ជាមួយគម្រោង ៧៥ភាគរយ ដែលមានអត្ថប្រយោជន៍ដល់អាកាសធាតុ ទីភ្នាក់ងារ AFD ប្រឹងប្រែងឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយដាក់បញ្ចូលការយកចិត្តទុកដាក់អំពីអាកាសធាតុនៅក្នុងយុទ្ធសាស្ត្ររួមរបស់យើង”។
នៅក្នុងន័យនេះ កិច្ចព្រមព្រៀងមួយស្តីពីហិរញ្ញប្បទានឥតសំណងដែលមានគោលដៅកែលម្អគុណភាពខ្យល់ ត្រូវបានចុះហត្ថលេខានៅសប្តាហ៍នេះរវាងក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារ AFD។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងកម្រិតអាស៊ាន ជាមួយហិរញ្ញប្បទានឥតសំណងចំនួន ៥,៥លានអឺរ៉ូ ផ្តល់ដោយទីភ្នាក់ងារ AFD ក្នុងក្របខ័ណ្ឌនៃអន្តរាគមន៍របស់ខ្លួន។
កម្មវិធីនេះនឹងរួមចំណែកបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងអំពីគុណភាពខ្យល់ ក៏ដូចជាការតាមដានកាន់តែប្រសើរឡើងនៃគុណភាពខ្យល់នៅលើទឹកដីនៃប្រទេសអាស៊ាន ព្រមទាំងពង្រឹងសមត្ថភាពនៅតាមមូលដ្ឋាន និងរៀបចំគម្រោង កម្មវិធី ឬកម្ចីសាធារណៈនានា ដែលអាចនាំទៅដល់ការកាត់បន្ថយការបំពុលបរិយាកាស។
ទីភ្នាក់ងារ AFD គឺជាស្ថាប័នមួយនៅក្នុងក្រុម AFD ដែលជាអ្នកអនុវត្តគោលនយោបាយរបស់ប្រទេសបារាំងនៅក្នុងវិស័យអភិវឌ្ឍន៍ និងសាមគ្គីភាពអន្តជាតិ ដោយផ្តល់ជំនួយដល់វិស័យសាធារណៈ និងអង្គការក្រៅរដ្ឋាភិបាល ហើយគាំទ្រដល់ការងារស្រាវជ្រាវ ការបោះពុម្ព និងការបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ។ល៕