ទំហំជួញដូរផ្សារហ៊ុនកម្ពុជានឹងកើនដល់មួយលានដុល្លារក្នុងមួយថ្ងៃ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) លោកហុង សុហួរបានលើកឡើងថា ដោយសារការកើនឡើងយ៉ាងខ្លាំងនូវចំនួនវិនិយោគ និងទំហំជួញដូរជាញឹកញាប់ ទំហំជួញដូរហ៊ុន នឹងហក់ទៅដល់១លានដុល្លារអាម៉េរិក ជាមធ្យមក្នុង១ថ្ងៃ ក្នុងរយៈពេល២ឬ៣ឆ្នាំខាងមុខ។

លោកអគ្គនាយក នៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២កន្លងទៅ បានមានប្រសាសន៍ថា ជាមួយគ្នានេះ នឹងមានការកើនឡើងនូវក្រុមហ៊ុនចុះបញ្ជី សមាជិកទីផ្សារ ដូចជា ក្រុមហ៊ុនមូលបត្រជាដើម និងចំនួនវិនិយោគិន អាចកើនដល់១០ម៉ឺននាក់ផងដែរ ក្នុងប៉ុន្មានឆ្នាំទៀតនេះ បន្ទាប់ពីកម្ពុជានឹងដាក់ដំណើរការ បើកគណនីជួញដូរតាមប្រព័ន្ធអនឡាញនាពេលឆាប់ៗខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “ទីផ្សារហ៊ុន បានកំពុងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនូវចំនួនវិនិយោគ និងទំហំជួញដូរ”។ លោកបន្តថា “ជាក់ស្តែង ក្នុងឆ្នាំ២០១៨ គឺជាឆ្នាំដែលទីផ្សារកម្ពុជាចាប់ផ្តើមមានសន្ទុះគួរឲ្យកត់សម្គាល់ ដែលទំហំជួញដូរក្នុង១ថ្ងៃជាមធ្យមប្រមាណជាង ២ម៉ឺនដុល្លារ និងបន្តកើនឡើង១៦ម៉ឺនដុល្លារ ជាមធ្យមក្នុង១ថ្ងៃក្នុងឆ្នាំ២០១៩ ប៉ុន្តែក្នុងឆ្នាំ២០២០ ទំហំជួញដូរមានការធ្លាក់ចុះដោយសារជំងឺកូវីដ១៩”។

លោកកត់សំគាល់ថា យ៉ាងណាមិញ ក្នុងឆ្នាំ២០២១ ទំហំជួញដូរបានកើនឡើងទៅដល់២៧ម៉ឺនដុល្លារជាមធ្យមក្នុង១ថ្ងៃ។ លើសពីនេះទៀត គណនីជួញដូរ គឺបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយគិតមកទល់បច្ចុប្បន្ន មានជាង ៣ម៉ឺនគណនីជួញដូរ។ ក្រោពីនេះ ក៏នឹងមានការចូលរួមរបស់តួអង្គថ្មីៗជាច្រើនទៀត ដូចជាក្រុមហ៊ុនមូលបត្រភ្នាក់ងារថែរក្សាទ្រព្យសម្បត្តិជំនួន ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។ល។

គិតត្រឹមឆ្នាំ២០២២នេះ ផ្សារមូលបត្រកម្ពុជាបានដំណើរការរយៈពេល ១០ឆ្នាំហើយ។ រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនចំនួន៩ ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលក្នុងនោះ ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារគោលចំនួន៧ក្រុមហ៊ុន និងក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារកំណើនមានចំនួន២ក្រុមហ៊ុន។

ដោយឡែក ចំពោះទីផ្សារមូលបត្របំណុល មានក្រុមហ៊ុនចំនួន៦ ចុះបញ្ជីសញ្ញាបណ្ណ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here