ដោយៈ សហសេវិក
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ផ្នែកធនារ៉ាប់រងលើកឡើងថា ឆ្នាំ២០២១ ទំហំទឹកប្រាក់បុព្វលាភដុល ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជានឹងកើនឡើង ដែលផ្នែកនេះមានភាពល្អប្រសើរ បើទោះបីកម្ពុជារងគ្រោះដោយសារវិបត្តិកូវីដ១៩ក្តី។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១២ ឧសភាថា ក្នុងឆ្នាំ២០២២២នេះ បុព្វលាភក្នុងវិស័យនេះនឹងកើនឡើងជាង១០ភាគរយ។លោកបន្តថា វិស័យធានារ៉ាបរង នៅតែរក្សាបានកំណើនល្អប្រសើរ ទោះបីជាកម្ពុជា ជួបប្រទះបញ្ហានៃការរីករាលដាល នៃជំងឺកូវីដ១៩ក្ដី ជាក់ស្ដែងឆ្នាំ២០២០ វិស័យធានារ៉ាប់រងកើនឡើង ៨ភាគរយ និងឆ្នាំ២០២១ កើនឡើងជាង ៩ភាគរយ ហើយសង្ឃឹមថា ឆ្នាំ២០២២នេះនឹងមានការកើនឡើងរហូតជាង ១០ភាគរយ។
លោកបានបន្ដថា ទីផ្សារធានារ៉ាប់រងកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើនបុព្វលាភធានារ៉ាប់រង ប្រចាំឆ្នាំជាមធ្យម១៨ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ទីផ្សារធានារ៉ាប់រងនៅកម្ពុជា មានទំហំតូចនៅឡើយធៀបនឹងទីផ្សារក្នុងតំបន់ ក្នុងនោះអត្រាភាគទានបុព្វលាភធានារ៉ាប់រង ក្នុងសេដ្ឋកិច្ចមានត្រឹម ១.១%ប៉ុណ្ណោះ។
លោកប៊ូ ច័ន្ទភីរ៉ូបានបញ្ជាក់ថា ក្នុងពេលដែលការយល់ដឹងរបស់សាធារណជនអំពីសេវា និងផលប្រយោជន៍ធានារ៉ាប់រង នៅមានកម្រិតទាប ការលក់ធានារ៉ាប់រង គឺមិនត្រូវផ្តោតតែទៅលើការអូសទាញ ឬផ្សព្វផ្សាយបញ្ចុះបណ្ចូល ដូចការលក់ផលិតផលប្រើប្រាស់ទូទៅនោះទេ ប៉ុន្តែបុគ្គលិកជួរមុខ ត្រូវមានចំណេះដឹងធានារ៉ាប់រងច្បាស់លាស់ ដើម្បីអាចបញ្ចូលនូវគំនិតអប់រំអ្នកប្រើប្រាស់នៅក្នុងនោះផង ទើបអាចទាក់ទាញអតិថិជនឲ្យប្រើប្រាស់ធានារ៉ាប់រង ប្រកបដោយទំនុកចិត្តបានយូរអង្វែង៕