កូរ៉េ ព្រាងកញ្ចប់ថវិកាបន្ថែម ៤៦ពាន់លានដុល្លារ ដើម្បីជួយអាជីវកម្មដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩

ដោយៈសុខុម

សេអ៊ូល: ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា បានបង្ហាញផែនការបើកប្រាក់ ឧបត្ថម្ភជាង២០ពាន់លានដុល្លារអាមេរិក ជួយដល់អាជីវកម្មខ្នាតតូច និងអ្នកធ្វើការដោយខ្លួនឯង ដើម្បីប៉ះប៉ូវការខាតបង់ ដោយសារវិធានការរឹតបន្តឹងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។

ក្រសួងហិរញ្ញវត្ថុប្រទេសនេះនិយាយថា ថវិកាបន្ថែមដំបូងចាប់តាំងពីលោកប្រធានាធិបតី Yoon Suk-yeol ចូលកាន់តំណែងនៅសប្តាហ៍នេះ គឺមានទំហំ៤៦,១ពាន់លានដុល្លារអាមេរិក ប៉ុន្តែជាង១៧,៨ពាន់លានដុល្លារអាមេរិក នឹងត្រូវបើកឱ្យរដ្ឋបាលខេត្តដោយអនុលោមទៅតាមច្បាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងនេះបានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននឹងមិនបោះផ្សាយមូលបត្របំណុលណាមួយ ដើម្បីប្រមូលលុយសម្រាប់កញ្ចប់ថវិកានេះឡើយ ខណៈការព្យាករអំពីចំណូលពន្ធក្នុងឆ្នាំនេះ ត្រូវបានកែសម្រួលឡើងដល់៤១,៤ពាន់លានដុល្លារអាមេរិក។

ក្រសួងនេះនិយាយថា ២០,៤ពាន់លានដុល្លារអាមេរិក នឹងត្រូវបើកឱ្យអាជីវកម្មតូចៗ និងអ្នកធ្វើការឱ្យខ្លួនឯង ប្រមាណ៣,៧លាននាក់/អាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំង ដោយសារវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ហើយ៤,៧៣ពាន់លានដុល្លារអាមេរិក ផ្សេងទៀតនឹងត្រូវប្រើប្រាស់ ដើម្បីពង្រឹងសមត្ថភាពវេជ្ជសាស្រ្តរបស់ប្រទេសនេះ។ នៅសល់ប៉ុន្មាននឹងត្រូវចំណាយលើការពង្រឹងកម្មវិធីសុខុមាលភាព។

ដាច់ដោយឡែកពីគ្នា ក្រសួងនេះនិយាយថា ខ្លួននឹងចំណាយប្រាក់៧ពាន់លានដុល្លារអាមេរិក សងថ្លៃមូលបត្របំណុលរដ្ឋាភិបាលឱ្យបានមុនពេលដល់ថ្ងៃត្រូវសង។

លោក Yoon Suk-yeol បានសន្យាផ្តល់កញ្ចប់ថវិកា៣៨,៨ពាន់លានដុល្លារអាមេរិក អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ប៉ុន្តែរដ្ឋាភិបាលរបស់ប្រធានាធិបតីពេលនោះ គឺលោក Moon Jae-in បានដាក់ចេញរួចហើយ នូវកញ្ចប់ថវិកាបន្ថែមចំនួន១៣,១ពាន់លានដុល្លារអាមេរិក នៅមុនការបោះឆ្នោតថ្ងៃទី៩ ខែឧសភា៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here