សម្តេចតេជោ៖ ប្រទេសកម្ពុជាផលិតមាសបានជាង២តោន ក្នុងរយៈពេល៨ខែនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ទោះបីប្រទេសកម្ពុជាផលិតប្រេងមិនបាន តែអាចផលិតបានមាសជាង២តោនមាស ត្រឹមរយៈពេល៨ខែ ដោយគិតតែលើរណ្តៅមួយកន្លែងប៉ុណ្ណោះក្នុងខេត្តមណ្ឌលគិរី។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ ជាង២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា “ទោះបីប្រទេសកម្ពុជាផលិតប្រេងមិនបាន តែអាចផលិតបានមាសទៅវិញ យើងប្រើពេលមកដល់ពេលនេះ រយៈពេល៨ខែ យើងផលិតបានមាសជាង២តោនមាសដែរ ដែលនេះគិតតែលើរណ្តៅមួយកន្លែងប៉ុណ្ណោះក្នុងខេត្តមណ្ឌលគិរី ដោយមិនទាន់គិតនៅកន្លែងផ្សេង”។

កាលពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១ រដ្ឋាភិបាលបានប្រកាសបើកដំណើរការចម្រាញ់រ៉ែមាសលើកដំបូង នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុន Renaissance Minerals មកពីប្រទេសអូស្រា្តលី ដែលមានសមត្ថភាពអាចផលិតមាសសុទ្ធ បានប្រមាណ៣តោន ក្នុងមួយឆ្នាំ។ កម្ពុជារំពឹងថា នឹងទទួលបានថវិកាចូលជាតិ ពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

កន្លងមកលោក ក្រុមហ៊ុនវិនិយោគចំនួន៤ថ្មី គ្រោងនឹងបើកការដ្ឋានចម្រាញ់រ៉ែមាសនៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ។ ក្នុងនោះក្រុមហ៊ុនចិនចំនួន៣ នឹងធ្វើអាជីវកម្មចម្រាញ់រ៉ែមាស នៅទឹកដីនៃខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី។ ចំណែកក្រុមហ៊ុនមកពីប្រទេសឥណ្ឌាមួយទៀត ត្រៀមធ្វើអាជីវកម្មរ៉ែមាសនេះ នៅក្នុងខេត្តរតនគិរី ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here