រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ត្រូវបានរដ្ឋសភាអនុម័តគាំទ្រទាំងស្រុង នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

លោក អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស តំណាងរាជរដ្ឋាភិបាល ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមការពារសេចក្តីព្រាងច្បាប់នេះ បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់នេះ ពិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ព្រោះច្បាប់នេះនឹងចូលរួមគាំពារ ដល់សុខសុវត្ថិភាពផ្នែកម្ហូបអាហារ ជូនប្រជាពលរដ្ឋគ្រប់រូប ដោយធានាបាននូវការពារសុខភាព និងអាយុជីវិត តាមរយៈការការពារការទទួលទានអាហារគ្មានសុវត្ថិភាព ដែលបណ្ដាលឱ្យកើតមានជំងឺផ្សេងៗ ព្រមទាំងអត្ថប្រយោជន៍សំខាន់ៗមួយចំនួនទៀត ដែលកម្ពុជាអាចទទួលបាន នៅពេលដែលសេចក្ដីព្រាងច្បាប់នេះ ចូលជាធរមានក្នុងពេលឆាប់ៗខាងមុខ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍ និងចំណុចសំខាន់ៗជាច្រើន រួមមាន៖ ការបង្កើតឱ្យយន្តការទទួលខុសត្រូវរបស់ក្រសួង /ស្ថាប័នជាតិ ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញផលិត​ផលម្ហូបអាហារត្រូវបានផលិត កែច្នៃ វេចខ្ចប់ និងចែកចាយ ផ្អែកទៅតាមស្តង់ដារនិងបទប្បញ្ញត្តិបច្ចេកទេសជាតិ សំដៅធានាឱ្យបាននូវការការពារអាយុជីវិតនិង សុខភាពប្រជាពលរដ្ឋ និងជំរុញប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តពាណិជ្ជកម្មស្មើភាព សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមគ្រប់ដំណាក់កាលនៃខ្សែ ចង្វាក់ផលិត​កម្ម សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នឹងបង្កលក្ខណៈឱ្យប្រទេ​សកម្ពុជា រៀបចំនូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោ‍ក។

ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ជាលទ្ធផល បន្ទាប់អង្គសភាបានពិភាក្សា និងស្ដាប់ការបកស្រាយ ពីតំណាងរាជរដ្ឋាភិបាលរួចមក រដ្ឋសភាបានគាំទ្រទាំងស្រុង ចំពោះសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារនេះ និងបានសម្តែងការកោតសរសើរ ចំពោះក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់នេះ ដែលដឹកនាំដោយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការខិតខំប្រឹងប្រែង លើការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់នេះ ប្រកប​ដោយជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here