ដោយៈគង់ សូរិយា
កោះកុងៈ រដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពល បានសម្ពោធដាក់ឱ្យដំណើរការគម្រោង ខែ្សបណ្តាញបញ្ជូនអនុស្ថានីយ និងបណ្តាញចែកចាយអគ្គិសនីនៅក្នុងខេត្តកំពង់ចាម ក្រចេះ និងកោះកុង ដែលបានសាងសង់ក្នុងក្របខណ្ឌនៃគម្រោង សហប្រតិបត្តិការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។
ពិធីនេះបានប្ររព្វធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះ នៅក្នុងអនុស្ថានីយអគ្គិសនី ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាព លោកស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និងលោក Jacque PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា។
លោកស៊ុយ សែម បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន អនុស្ថានីយ និងចែកចាយ ថាមពលអគ្គិសនី នឹងធ្វើឲ្យប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅភូមិភាគខាងលិច និងភូមិភាគខាងត្បូងរបស់កម្ពុជា ក្លាយទៅជាប្រព័ន្ធបណ្តាញជួយគ្នាទៅវិញទៅមក សម្រាប់ការបញ្ជូនថាមពលអគ្គិសនី ប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាពក្នុងផ្ទៃប្រទេស។
រាជរដ្ឋាភិបាលកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៥ បានចុះកិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលបារាំង លើឥណទានសម្បទាន ចំនួន ៧០លានអឺរ៉ូ ពីសាធារណរដ្ឋបារាំង និងការផ្តល់ជំនួយឥតសំណងពីសហភាពអឺរ៉ុប សម្រាប់ការពង្រឹងសមត្ថភាពចំនួន១លានអឺរ៉ូ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងថវិកាបដិភាគរបស់អគ្គិសនីកម្ពុជា ចំនួន ១៥,៤១ លានអឺរ៉ូ ដើម្បីអនុវត្តគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអនុស្ថានីយ និងបណ្តាញចែកចាយ អគ្គិសនីនៅក្នុងខេត្តចំនួន ៣ គឺខេត្តកោះកុង កំពង់ចាម និងក្រចេះ និងគម្រោងពង្រឹងសមត្ថភាពដល់និយោជិតអគ្គិសនីកម្ពុជា៕