សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ស្នើ​អាមេរិក​ជួយ​ពង្រីក​មុខទំនិញ​នាំចេញ​ពី​កម្ពុជា

ដោយ:ម៉ា​លីន​ណា

ភ្នំពេញ: សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានលើកឡើង​នូវ​ការស្នើ​សុំឱ្យ​ភាគី​អាម៉េរិក ជួយ​ពិចារណា​ឡើងវិញ​អំពី​ការបន្ថែម​មុខទំនិញ​មួយចំនួនទៀត ពី​កម្ពុជា​ចូលទៅក្នុង​បញ្ជី​ទំនិញ ដែល​អាចមាន​សិទ្ធិ​ទទួលបាន​ការ​រួច​ពន្ធ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទូទៅ។

លោក​កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង នៃ GMAC នៅ​ព្រឹក​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០កន្លងមក បានលើកឡើង​តាមរយៈ​ជំនួប​ការងារ រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមប្រឹក្សា​ធុរកិច្ច​អា​ម៉េ​រក-អាស៊ាន​ថា ទោះបី​ជាមាន​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទូទៅ​ក៏ដោយ ក៏​មុខទំនិញ​ពី​កម្ពុ​ជាជាង ១០ភាគរយ មិន​ស្ថិតក្នុង​បញ្ជី​មុខទំនិញ ដែលមាន​សិទ្ធិ​ទទួលបាន​ការ​រួច​ពន្ធ​ពី​អាមេរិក​នៅឡើយ​ទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “មុខទំនិញ​ទាំងអស់នោះ​ភាគច្រើន ជា​មុខទំនិញ​ដែល​ផលិត​នាំចេញ​ជាចម្បងៗ ជាពិសេស​ដូចជា​ផលិតផល​សម្លៀកបំពាក់ និង​ផលិតផល​ស្បែកជើង។ លោក​ឱ្យដឹងទៀតថា “ផលិតផល​ធ្វើដំណើរ​យើង​បាន​រួច​ពន្ធ​ហើយ នៅសល់តែ​សម្លៀកបំពាក់​និង​ស្បែកជើង អញ្ចឹង​ការស្នើសុំ​របស់​យើង​ពាក់ព័ន្ធ មុខទំនិញ​ពីរ​ប្រភេទ​នឹង ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​នៅក្នុង​ប្រភេទ​មុខទំនិញមួយៗ មាន​ប្រភេទផ្សេងៗទៀត” ។

ឧទាហរណ៍ ផ្នែក​សម្លៀកបំពាក់៖ ខោ​ប៊​យ អាវ​រងា រ៉ូ​ប ខោអាវ​កូនក្មេង ខោអាវ​ពេទ្យ ខោអាវ​កីឡា ខោអាវ​ហែល​ទឹក និង​ប៊ី​គី​នី​ជាដើម។ ដូច្នេះ​អ្វីដែល​ជាការ​ស្នើសុំ​ទាំងនេះ បើ​មិនបាន​ទាំងស្រុង​ទេ គឺ​សុំ​ឱ្យបាន​ផ្នែកខ្លះៗបន្ថែមទៀត ក៏​ជា​ការជួយ​ទៅដល់​ការពង្រីក​ដល់​ការនាំចេញ​ផងដែរ។

ពាក់ព័ន្ធ​នឹង​ជំនួប​ការងារ រវាង​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក អា​ឡិច​សាន់​ដឺ ហ្វែ​ល​ម៉េ​ន (Alexzander Feldmen) ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាម៉េរិក-អាស៊ាន លោក ម៉ូ​នី​កា បាន​បញ្ជាក់ថា អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ គឺ​ការគូសបញ្ជាក់​យ៉ាងច្បាស់​លាស់ ពី​ការតាំង​ចិត្ត​របស់​រដ្ឋា​ភិ​បាល ដែល​ធ្វើកំណែទម្រង់ កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​កំណែទម្រង់រដ្ឋបាល​សាធារណៈផ្សេងៗ សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា។

លោក​បន្តថា លទ្ធ​ភាពជា​វិជ្ជមាន​កើតចេញពី​កិច្ចការ​នេះ កម្ពុជា​គឺមាន​សមត្ថភាព​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគថ្មីៗ មិន​ថា​ត្រឹមតែ​មកពី​អាម៉េរិក​ទេ ថែមទាំង​មកពី​ប្រទេសផ្សេងៗផងដែរ។ ឈរលើ​ភាព​ប្រកួតប្រជែង​រឹងមាំ​នេះ កម្ពុជា​ក៏​អាចមាន​សមត្ថភាព ជំរុញ​លើ​ការនាំចេញ​ផងដែរ ដែល​នេះ​មិន​កំណត់​ត្រឹម​វិស័យ​កាត់ដេរ និង​ស្បែក​ជើងទេ តែ​វិស័យ​អាទិភាពផ្សេងៗទៀត ដែល​រដ្ឋាភិបាល​បានកំណត់​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច។

លោក​កាំ​ង ម៉ូ​នី​កា បាន​បន្តថា យើង​អាច​មើលឃើញថា​សង្គ្រាម​ពាណិជ្ជកម្ម រវាង​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ចិន មាន​រយះពេល​វែង ដែល​នេះ​នឹង​នាំឱ្យ​មានការ​បង្វែរ​ការ​ក​ម្ម៉​ង់​ទិញ ឬ​ទីតាំង​ផលិត​បន្ថែមទៀត​ចេញពី​ប្រទេស​ចិន ហើយ​អាស៊ាន​យើង គឺជា​ទិសដៅ​សក្តានុពល​ទីមួយ ក្នុងនោះ​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំងអស់។

លោក​បាន​បន្ថែមថា នៅ​ចំពោះមុខ កម្ពុជា​បានទទួល​ផល​ជា​វិជ្ជមាន​ពី​ព្រឹ​ត្ត​ការណ៍​នេះ​ជាបណ្តើរៗរួចទៅហើយ តាមរយះ​កំណើន​ពាណិជ្ជកម្ម​ទ្វេរ​ភាគី រវាង​កម្ពុជា​និង​សហរដ្ឋ​អាម៉េរិក ក្នុង​ឆ្នាំ២០២០នេះ ដែលជា​ឆ្នាំ​កំពុងមាន​វិបត្តិ​នៅឡើយ។ យើង​ឃើញថា កំនើន​មាន​ប្រមាណ ១៧ភាគរយ ជា​កំណើន​ពាណិជ្ជកម្ម​ទ្វេរ​ភាគី។ ដោយឡែក​ការនាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ គឺមាន​កំណើន​រហូត​ជិត១០ភាគរយ​ឯណោះ (០៨ខែ) ដែលជា​អត្រា​មួយ​គួរឱ្យកត់សម្គាល់ ខណៈដែល​ការនាំចេញ​ទៅកាន់​ទៅកាន់​ទិសដៅផ្សេងៗទៀត ដូចជា សហភាព​អឺរ៉ុប អង់គ្លេស ជប៉ុន និង​កាណាដា​ជាដើម​មានការ​ធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here