ដោយៈ សូរិយា
ភ្នំពេញៈ ក្នុងគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលនាំឲ្យមានការកើនកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ រដ្ឋាភិបាលបាននិងកំពុងធ្វើពង្រាងអនុក្រិតស្ដីពី ការគ្រប់គ្រងយន្តការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG)។
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី ការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគដូចជា ថាមពលស្អាត ថាមពលកកើតឡើងវិញ ការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាមេត្រីបរិស្ថាន។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។
អនុក្រឹត្យបានពង្រាងឡើង ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការអនុវត្តគម្រោងនានា និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។
កិច្ចប្រជុំខាងលើនេះ បានសម្រេចឯកភាពលើខ្លឹមសារ នៃអនុក្រឹត្យ ព្រមទាំងជំរុញឲ្យមានការអនុម័តឲ្យបានឆាប់រហ័ស ដើម្បីទាញយកថវិកា និងផលប្រយោជន៍នានា សម្រាប់គាំទ្រដល់សេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន៕